អាជ្ញាធរ មន្ត្រីរាជការ និងប្រជាពលរដ្ឋរួមគ្នាធ្វើអនាម័យសម្អាតបរិស្ថានដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦--អាជ្ញាធរខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រមទាំងប្រជាពលរដ្ឋខេត្តកំពង់ធំកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ បានរួមគ្នាយ៉ាងសកម្មក្នុងការធ្វើអនាម័យសម្អាតបរិស្ថានដើម្បីអបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

យុទ្ធនាការសម្អាតបរិស្ថានត្រូវបានអនុវត្តនៅតាមផ្លូវសាធារណៈទីផ្សារវត្តអារាម សាលារៀន និងទីប្រជុំជននានា ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន។ ប្រជាពលរដ្ឋបានសម្អាតសំរាម កាត់ស្មៅ រៀបចំដើមឈើ និងលាបពណ៌តុបតែងបរិវេណផ្ទះនិងសហគមន៍របស់ខ្លួនធ្វើឱ្យបរិយាកាសទូទៅកាន់តែស្រស់ស្អាតនិងមានរបៀបរៀបរយ។

លោកព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំបានបញ្ជាក់ថា ការចូលរួមសម្អាតបរិស្ថានមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពប៉ុណ្ណោះទេថែមទាំងជួយការពារសុខភាព និងបង្កើនភាពសាមគ្គីក្នុងសហគមន៍ផងដែរ។សូមអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបបន្តរក្សាអនាម័យបរិស្ថានពិសេសកុំបោះចោលសំរាមតាមដងផ្លូវ និងទុកដាក់សំរាមតាមទីសាធារណៈនិងភូមិដ្ឋានឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាតជាបន្តបន្ទាប់ មិនត្រឹមតែសម្រាប់រដូវបុណ្យប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

លោកអភិបាលរងខេត្តបានបន្តទៀតថា សកម្មភាពនេះមិនត្រឹមតែជាការត្រៀមខ្លួនសម្រាប់ពិធីបុណ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាពការទទួលខុសត្រូវ និងការចូលរួមរបស់សហគមន៍ក្នុងការថែរក្សាបរិស្ថាន និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះដែរបរិយាកាសនៅទូទាំងខេត្តកំពង់ធំក៏កំពុងត្រូវបានតុបតែងលម្អដោយទង់ជាតិ បដា និងភ្លើងពណ៌យ៉ាងស្រស់ស្អាតបង្កើនភាពរីករាយ និងស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យកាន់តែអធិកអធម៕
ដោយ ស៊ុម វណ្ណា





