អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកគូលែន នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ
AKP ព្រះវិហារ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦--លោក ម៉ក់ ឌុង អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកគូលែន រួមជាមួយក្រុមការងារ កាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដែលបណ្តាលមកពីភ្លើងឆេះផ្ទះចំនួន ០១គ្រួសារ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង៣០នាទីរសៀល ស្ថិតនៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន។

លោក ម៉ក់ ឌុង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយជាមួយបងប្អូនម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលអោយបាត់បង់ផ្ទះ ទ្រព្យសម្បត្តិផ្សេងៗទៀត។ លោកក៏បានបន្ថែមថាសម្ភារ និងថវិកាដែលបានផ្តល់ជូននាពេលនេះគ្រាន់តែជួយសម្រាលការលំបាករបស់បងប្អូនមួយគ្រាប៉ុណ្ណោះ។

សម្ភារផ្តល់ជូនរួមមាន អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ២កេស ធុងទឹក២ តង់១ ឃីត១កញ្ចប់(សារុង១ ភួយ១ មុង១ ក្រមា១) និងថវិកាក្រុមការងារមួយចំនួន ក្នុងនោះសាខាបានផ្តល់ដែកស័ង្កសីចំនួន៣០សន្លឹកផងដែរ៕

ដោយ ទិត ស្រ៊





