សាលាបឋមសិក្សាថ្នល់បត់ ក្រុងសំរោង ទទួលបានប័ណ្ណសរសើរមេត្រីបរិស្ថាន ក្នុងនាមជាប្រតិបត្តិករគំរូក្នុងវិស័យបរិស្ថាន
AKP ឧត្តរមានជ័យ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦--លោក ប្លុង កូយ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងសំរោង រួមជាមួយលោកស្រី អឹម គឹមអឿង ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង បានអញ្ជើញចូលរួមក្នុង ពិធីប្រគល់ប័ណ្ណសរសើរមេត្រីបរិស្ថាន ជូនដល់ សាលាបឋមសិក្សាថ្នល់បត់ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង កាលពីថ្ងៃអង្គារ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ។ លោក ប្លុង កូយ បានលើកឡើងថា ការបណ្ដុះស្មារតីស្រឡាញ់បរិស្ថាន និងការរស់នៅស្អាតតាំងពីកម្រិតបឋមសិក្សា គឺជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមបៃតង និងមានអនាម័យ ។

លោកបន្តថា ខ្លឹមសារ អត្ថន័យ និងសារៈសំខាន់នៃប័ណ្ណសរសើរនេះ គឺជាការទទួលស្គាល់ស្នាដៃ ជាការតបស្នងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការរៀបចំបរិស្ថានសាលារៀនឱ្យមានភាពបៃតង ស្អាត និងមានរបៀបរៀបរយល្អ។ លោកបានបន្ថែមទៀតថា ការលើកសរសើរប្រតិបត្តិករគំរូ ដែលសាលាបឋមសិក្សាថ្នល់បត់ ត្រូវបានជ្រើសរើសជាប្រតិបត្តិករគំរូក្នុងវិស័យបរិស្ថាន ដែលជាគំរូដ៏ល្អសម្រាប់បណ្ដាសាលារៀនផ្សេងៗទៀតក្នុងក្រុងសំរោង ក្នុងការអនុវត្តការគ្រប់គ្រងសំណល់ និងការលើកកម្ពស់សោភ័ណភាពសាលារៀន។ មិនតែប៉ុណ្ណោះ បណ្ណនេះ ជាការលើកទឹកចិត្ត តាមរយៈការថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តឱ្យសាលាបន្តរក្សានូវស្ដង់ដារមេត្រីបរិស្ថាននេះឱ្យបានយូរអង្វែង ដើម្បីសុខុមាលភាព និងបរិយាកាសសិក្សាដ៏ល្អសម្រាប់កុមារ។

លោកស្រី អឹម គឹមអឿង ក៏បានមានប្រសាសន៍សាកសួរសុខទុក្ខពី ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ព្រមទាំងជុំរុញឱ្យគ្រប់សាលាបឋមសិក្សាបន្តចូលរួមយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន ដើម្បីឱ្យក្រុងសំរោងយើងក្លាយជាក្រុងដែលគ្មានសំរាម និងមានបរិស្ថានស្រស់បំព្រងបន្ថែមទៀត ៕

ដោយ ទិត ស្រ៊





