ព្រះមហាក្សត្រ៖ ការប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្នុងគោលបំណងសម្រាប់ការអធិដ្ឋាន ដើម្បីសន្តិភាពពិភពលោក និងសុខុមាលភាពមនុស្សជាតិ
AKP ភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦--ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជឱង្ការថា នៅព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់តម្លៃនៃព្រះពុទ្ធសាសនា ផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនាដែលជានិមិត្តរូប សម្រាប់ការអធិដ្ឋាន ដើម្បីសន្តិភាពពិភពលោក និងសុខុមាលភាពមនុស្សជាតិ។

ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ព្រះករុណាព្រះមហាក្សត្រ បានសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា អបអរសាទរជាអនេកប្បការ រួមជាមួយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងបងប្អូនជនរួមជាតិទាំងអស់ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ “ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈ មាគ៌ាព្រះពុទ្ធសាសនា” នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ ព្រះមហាក្សត្រ ព្រះអង្គបានគូសបញ្ជក់ថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាព្រឹត្តិការណ៍ដ៏មានតម្លៃវិសេសវិសាល ដែលប្រារព្ធឡើង តាមប្រតិទិនសុរិយគតិ សម្រាប់ពុទ្ធសាសនិកជន និងសាធារណជន ឱ្យយល់ដឹងកាន់តែច្បាស់ អំពីខ្លឹមសារព្រះពុទ្ធសាសនា ដើម្បីឯកភាពនិងសាមគ្គីភាពរវាងនិកាយទាំងអស់នៃប្រ សាសនា ព្រមទាំងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយឱ្យបតិបត្តិបានខ្ជាប់ខ្ជួនតាមពាក្យប្រៀនប្រដៅ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងបន្តផ្សព្វផ្សាយព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ ដើម្បីបុព្វហេតុនៃការរីកចម្រើន និងថែរក្សា សម្រាប់ការលើកកម្ពស់ សាមគ្គីភាព គោរពព្រះពុទ្ធសាសនា និងការកសាងសន្តិភាព សុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិយើងផង និងនៅលើសកល លោកទាំងមូលផង៕

ដោយ៖ ជឹម ណារី





