ចិនបន្តវិធានការគ្រប់គ្រងតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- យោងតាមអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនកាលពីថ្ងៃអង្គារ បានឱ្យដឹងថា ប្រទេសចិននឹងបន្តអនុវត្តន៍វិធានការត្រួតពិនិត្យទាក់ទងនឹងតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតចាប់ពីថ្ងៃពុធតទៅ ដោយមានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងអន្តរជាតិលើទីផ្សារក្នុងស្រុករបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC) បានឱ្យដឹងថា ចាប់តាំងពីការកែតម្រូវតម្លៃប្រេងក្នុងស្រុកនៅចុងខែមីនាមក តម្លៃប្រេងឆៅអន្តរជាតិបានជួបប្រទះនឹងការប្រែប្រួលគួរឱ្យកត់សម្គាល់។
ដោយផ្អែកលើយន្តការកំណត់តម្លៃដែលមានស្រាប់ តម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូតនឹងកើនឡើង ៨០០យ័ន (ប្រហែល ១១៦ដុល្លារអាម៉េរិក) និង ៧៧០យ័នក្នុងមួយតោន។ ចំពោះវិធានការត្រួតពិនិត្យ តម្លៃទាំងនេះនឹងកើនឡើង ៤២០យ័ន និង ៤០០យ័នក្នុងមួយតោនចាប់ពីថ្ងៃពុធតទៅ។
ក្រុមហ៊ុនប្រេងធំជាងគេទាំងបីរបស់ប្រទេសចិន គឺសាជីវកម្មប្រេងជាតិចិន សាជីវកម្មប្រេងឥន្ធនៈគីមីចិន និងសាជីវកម្មប្រេងក្រៅឆ្នេរសមុទ្រចិន ក៏ដូចជារោងចក្រចម្រាញ់ប្រេងផ្សេងទៀត ត្រូវបានណែនាំឱ្យរក្សាផលិតកម្ម និងសម្រួលដល់ការដឹកជញ្ជូន ដើម្បីធានាបាននូវការផ្គត់ផ្គង់ដែលមានស្ថេរភាព។
គណៈកម្មការ NDRC បាននិយាយថា អាជ្ញាធរពាក់ព័ន្ធគួរតែពង្រឹងកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យ និងពង្រឹងទីផ្សាររបស់ពួកគេ។ ពួកគេគួរតែអនុវត្តវិធានការតឹងរ៉ឹងដើម្បីបង្ក្រាបសកម្មភាពដែលរំលោភលើគោលនយោបាយកំណត់តម្លៃជាតិ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ទីផ្សារ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី





