ជំនួយការកំពូលប្រធានាធិបតីកូរ៉េខាងត្បូងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថាន អូម៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការធានាបាននូវប្រេងឆៅ និងសារធាតុណាហ្វថា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- ប្រធានបុគ្គលិករបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បាននិយាយថា លោកនឹងចេញដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថាន អូម៉ង់ និងអារ៉ាប៊ីសាអូឌីតនៅល្ងាចថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិធីដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឆៅ និងសារធាតុណាហ្វថា ចំពេលមានសញ្ញាតិចតួចនៃវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកបទឈប់បាញ់ក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។
ដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយប្រធានបុគ្គលិករបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក កាង ហ៊ូនស៊ីក (Kang Hoon-sik)ទៅកាន់តំបន់នេះកើតឡើងខណៈដែលរដ្ឋាភិបាលបាននឹងកំពុងស្វែងរកការធានាបាននូវប្រេងឆៅ ខណៈចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានបិទយ៉ាងមានប្រសិទ្ធភាព ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបន្តការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់លុះត្រាតែទីក្រុងតេអេរ៉ង់បើកផ្លូវដឹកជញ្ជូនប្រេងសំខាន់ឡើងវិញ។
លោក កាង បានប្រាប់អ្នកយកព័ត៌មានថា អាទិភាពបន្ទាន់បំផុតរបស់រដ្ឋាភិបាលគឺធានាបាននូវការផ្គត់ផ្គង់ប្រេង និងសារធាតុណាហ្វថាដែលមានស្ថេរភាព ដោយលោកបានកត់សម្គាល់ថា ប្រទេសកូរ៉េខាងត្បូងនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ប្រេង និងសារធាតុណាហ្វថាដែលនាំចូលពីតំបន់មជ្ឈិមបូព៌ា។ សារធាតុណាហ្វថា គឺជាវត្ថុធាតុដើមសំខាន់ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មគីមីគីមី និងឧស្សាហកម្មផ្សេងទៀត។
លោក កាង បាននិយាយថា «កាលពីខែមុន យើងបានយល់ព្រមទទួលប្រេងឆៅចំនួន ២៤លានបារ៉ែលពីប្រទេសអារ៉ាប់រួមជាមួយនឹងអាទិភាពចម្បង ហើយការដឹកជញ្ជូនប្រេងឆៅ និងសារធាតុណាហ្វថាកំពុងមកដល់កំពង់ផែកូរ៉េខាងត្បូង»។
លោក កាង ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានាប្រភពជំនួសរហូតដល់វិបត្តិនៅតំបន់មជ្ឈិមបូព៌ាត្រូវបានដោះស្រាយយ៉ាងពេញលេញដោយលោកបានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុននានាដើម្បីធានាថាការពិគ្រោះយោបល់កម្រិតកំពូលជាមួយបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ានាំឱ្យមានលទ្ធផលជាក់ស្តែង។
លើសពីនេះ លោក កាង បាននិយាយថា រដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីធានាការឆ្លងកាត់ដោយសុវត្ថិភាពរបស់នាវាដែលមានទង់ជាតិកូរ៉េខាងត្បូងចំនួន ២៦គ្រឿងដែលកំពុងស្ថិតនៅក្នុងច្រកសមុទ្រហ័រមូស ដោយផ្តល់អាទិភាពដល់សុវត្ថិភាពរបស់សមាជិកនាវិក និងគិតគូរពីទីតាំងរបស់ក្រុមហ៊ុនដឹកជញ្ជូន។ នាវាទាំងនេះនៅតែជាប់គាំងនៅក្នុងច្រកសមុទ្រចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





