កូរ៉េខាងត្បូងកំពុងពិចារណាផ្ទេរគំរូយន្តហោះចម្បាំង KF-21 ចំនួន ១គ្រឿងទៅឱ្យឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីបានព្រមព្រៀងគ្នាជាបណ្ដោះអាសន្នក្នុងការផ្ទេរយន្តហោះចម្បាំង KF-21 មួយគ្រឿងក្នុងចំណោមយន្តហោះចម្បាំងចំនួន ៦គ្រឿងរបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់ទីក្រុងហ្សាកាតា។ នេះបើយោងតាមសមាជិកសភាទីក្រុងសេអ៊ូលម្នាក់បាននិយាយកាលពីថ្ងៃអង្គារ ខណៈដែលគម្រោងអភិវឌ្ឍន៍រួមគ្នារបស់ពួកគេជិតបញ្ចប់ហើយ។
យោងតាមលោក កាង ដេស៊ីក (Kang Dae-sik) តំណាងរាស្ត្រមកពីគណបក្សប្រឆាំងសំខាន់បានដកស្រង់ឯកសារដែលដាក់ជូនដោយទីភ្នាក់ងារផ្គត់ផ្គង់ការពារជាតិថា ក្នុងអំឡុងពេលកិច្ចពិភាក្សាកម្រិតការងារដែលបានធ្វើឡើងក្នុងខែកុម្ភៈ ភាគីទាំងពីរបានឯកភាពគ្នាលើការផ្ទេរយន្តហោះចម្បាំងKF-21 ដែលមានកៅអីតែមួយត្រូវបានប្រើសម្រាប់ការធ្វើតេស្តផ្ទៀងផ្ទាត់ដូចជាការចាក់ប្រេងឥន្ធនៈតាមអាកាស។
ការប្រគល់នេះ ដែលមានតម្លៃប្រហែល ៦០០ប៊ីលានវ៉ុន (៣៩៨លានដុល្លារអាម៉េរិក) រួមមានយន្តហោះចម្បាំងប្រមាណ ៣៥០ប៊ីលានវ៉ុន និងការចំណាយលើការអភិវឌ្ឍផ្សេងទៀត។
វាកើតឡើងនៅពេលដែលការអភិវឌ្ឍរួមគ្នានៃយន្តហោះចម្បាំង KF-21 ត្រូវបានកំណត់ឱ្យបញ្ចប់នៅក្នុងខែមិថុនា បន្ទាប់ពីការអភិវឌ្ឍជាងមួយទសវត្សរ៍។ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមគម្រោងនេះក្នុងឆ្នាំ២០១៥ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេងដែលផលិតក្នុងស្រុក ហើយប្រទេសឥណ្ឌូនេស៊ីបានចូលរួមជាដៃគូ ដោយយល់ព្រមចែករំលែកការចំណាយលើការអភិវឌ្ឍជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យា គំរូ និងលក្ខខណ្ឌផ្សេងៗទៀត។
រដ្ឋបាលកម្មវិធីការពារជាតិត្រូវបានគេរំពឹងថានឹងសម្រេចចិត្តលើកាលវិភាគនៃការប្រគល់គំរូដើម និងឯកសារបច្ចេកវិទ្យាពាក់ព័ន្ធ នៅពេលដែលប្រទេសឥណ្ឌូនេស៊ីបានបង់ប្រាក់វិភាគទានចំនួន ៦០០ប៊ីលានវ៉ុនពេញលេញសម្រាប់គម្រោងយន្តហោះរួមគ្នា។
ដំបូងឡើយ ប្រទេសឥណ្ឌូនេស៊ីបានយល់ព្រមទទួលបន្ទុកប្រហែល២០% នៃថ្លៃដើមចំពោះគម្រោងក្នុងនាមជាប្រទេសដៃគូ ប៉ុន្តែបានស្នើឱ្យបន្ថយវិភាគទានរបស់ខ្លួនជាថ្នូរនឹងការកាត់បន្ថយកម្រិតនៃការផ្ទេរបច្ចេកវិទ្យា។ កាលពីខែមិថុនា ឆ្នាំមុន ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយមួយ ដើម្បីកាត់បន្ថយវិភាគទានរបស់ទីក្រុងហ្សាការតាមកត្រឹមចំនួនបច្ចុប្បន្ន។
រួមជាមួយនឹងការប្រគល់គំរូដើម ទីក្រុងសេអ៊ូលត្រូវបានគេរាយការណ៍ថាកំពុងចរចាជាមួយទីក្រុងហ្សាកាតា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងការនាំចេញយន្តហោះចម្បាំង KF-21 ចំនួន ១៦គ្រឿង ដែលជាការលក់យន្តហោះចម្បាំងផលិតក្នុងស្រុកបែបនេះជាលើកដំបូងរបស់ប្រទេសកូរ៉េខាងត្បូងនៅក្រៅប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





