ព្រះករុណាព្រះមហាក្សត្រ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិធំដ៏សំខាន់បំផុត ជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរសដូនតាខ្មែរបានបន្សល់ទុករហូតដល់បច្ចុប្បន្ន
AKP ភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦--ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជឱង្ការថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិធំដ៏សំខាន់បំផុតមួយ ក្នុងចំណោមពិធីបុណ្យទាំងអស់ ដែលជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរសដូនតាខ្មែរបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ប្រទានជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

ក្នុងព្រះរាជសារព្រះអង្គបានលើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិធំដ៏សំខាន់បំផុតមួយ ក្នុងចំណោមពិធីបុណ្យទាំងអស់ ដែលតែងតែប្រារព្ធឡើងក្នុងខែមេសា ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក ដែលជារដូវកាលប្រជារាស្ត្រខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ ដំណាំផ្សេងៗ និងបានសម្រាកពីការងារមក ជួបជុំក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ដើម្បីស្វាគមន៍ឆ្នាំថ្មី ព្រមទាំងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដែលជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរសដូនតាខ្មែរបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ ព្រះករុណាព្រះមហាក្សត្រមានព្រះរាជឱង្ការទៀតថា ពិធីបុណ្យចូលឆ្នាំខ្មែរនេះផងដែរ ជាពិធីបុណ្យមួយដែលមានអត្ថន័យដ៏ធំធេង ហើយប្រារព្ធឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមនៃឆ្នាំថ្មី និងបង្សុកូលឧទ្ទិសកុសលដល់បុព្វការីជន ហើយបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ និងចងសម្ព័ន្ធមេត្រីភាពរវាងអ្នកស្រុកភូមិ ជិតឆ្ងាយគ្នា និងសហគមន៍ផង ដោយធ្វើការជូនពរគ្នាទៅវិញទៅមក ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងជីវិត។ លើសពីនេះទៀត ពិធីបុណ្យនេះក៏បានបង្ហាញពីអត្តសញ្ញាណ និងអរិយធម៌ របស់ជាតិខ្មែរ បណ្តុះស្មារតីសាមគ្គីភាពជាតិ និងថែរក្សា ការពារ ស្រឡាញ់ទំនៀមទម្លាប់ប្រពៃណី ជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍៕
ដោយ៖ ជឹម ណារី





