កម្ពុជាជំរុញសហគមន៍ចូលរួមទប់ស្កាត់ប្លាស្ទិកនៅតាមតំបន់ទន្លេមេគង្គ
AKPភ្នំពេញ៖ថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០២៦– ក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរ និងដៃគូបានជំរុញដល់សហគមន៍ចូលរួមទប់ស្កាត់ប្លាស្ទិកនៅតាមតំបន់ទន្លេមេគង្គ និងរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលនាំបំពុលទឹក និងបរិស្ថាន។
ក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកសម្រាប់សហគមន៍ និងទន្លេមេគង្គនៅកម្ពុជា ក្នុងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងពី សារៈសំខាន់ របស់ក្រសួងបរិស្ថាន, មន្រ្តីរាជការ និងប្រជាជនគ្រប់ស្រទាប់ចូលរួមលើកកម្ពស់ និងប្រែក្លាយបរិស្ថានកម្ពុជាឱ្យកាន់តែល្អប្រសើរស្របតាមស្នូលយុទ្ធសាស្ត្រចំនួន ៣ គឺ ១-ភាពស្អាត ២-ភាពបៃតង និង ៣-ចីរភាព។

ជាមួយគ្នានេះ ឯកឧត្តម កូប រ៉លី បានថ្លែងបញ្ជាក់ ពីផលប៉ះពាល់ប្លាស្ទិកចំពោះបរិស្ថាន ជាពិសេសផលប៉ះពាល់សុខភាពដែលកើតចេញប្លាស្ទិក និងបានផ្តល់សារអប់រំលើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួម និងកាត់បន្ថយការប្រើប្រាស់ ការបដិសេធ ការញែកសំណល់ប្លាស្ទិក ការប្រមូលសម្រាប់កែច្នៃប្លាស្ទិក ការប្រើប្រាស់ឡើងវិញ និងការបង្កើតជម្រើសប្លាស្ទិក ដើម្បីសហគមន៍។


គួរបញ្ជាក់ថាយុទ្ធនាការនេះបានរៀបចំឡើងក្រោមការគាំទ្រពីមូលនិធិពិសេសមេគង្គ-ឡានឆាង តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា និងសម្របសម្រួលមូលនិធិពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា៕


ដោយ៖ មករា





