ក្រុមហ៊ុន Olam Food Ingredients (OFI) ស្វែងរកឱកាសពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា
AKPភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៦– ក្រុមហ៊ុន Olam Food Ingredients (OFI) កំពុងស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា និង ដំណាំ សក្តានុពល ផ្សេងទៀត បន្ទាប់ពីពិនិត្យឃើញសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង គោល បំណង ជំរុញ និង ស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
ក្នុងកិច្ចជំនួបនេះ លោក Gaurav Patil បាន ជម្រាប ជូន ថា ក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម គឺជា បុត្រសម្ព័ន្ធ របស់ ក្រុមហ៊ុន Olam Group ដែលជា ក្រុមហ៊ុន ដ៏ធំមួយ មាន ទីស្នាក់ការ កណ្តាល នៅ ប្រទេស សិង្ហបុរី និង កំពុងមាន ប្រតិបត្តិការ ជាង ៦០ប្រទេស ដោយ មាន ជំនាញអាជីវកម្មម្ហូបអាហារ និងកសិ-ពាណិជ្ជកម្មឈានមុខគេ ដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោក។

បន្ថែមពីនេះ លោកបានលើកឡើងថា ក្រុមហ៊ុន Olam Group ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន Olam Outspan (Cambodia) នៅកម្ពុជាផងដែរ តាំងពីឆ្នាំ២០១៧ ក្នុង ទិសដៅ បន្ត ជំរុញ និង ពង្រីក វិសាល ភាព វិនិយោគ បន្ថែម ទៅលើការកែច្នៃ ស្វាយចន្ទីកម្ពុជា និង ដំណាំ សក្តានុពល កម្ពុជា បន្ថែម ទៀត រួមមាន ស្វាយ ទុរេន ម្នាស់ ជាដើម ។
លោក បានបន្ថែមថា ដោយពិនិត្យឃើញអំពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជា ជាមួយនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ចនិងនយោបាយ ក្រុមហ៊ុន OFI មាន បំណង ពង្រីកការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកែច្នៃស្វាយចន្ទីនេះផ្ទាល់ ព្រមទាំងបានស្នើសុំពង្រឹង កិច្ច សហការ ជាមួយ ក្រសួង ពាណិជ្ជកម្ម ដើម្បី ពិនិត្យលទ្ធភាពក្នុង ការបង្កើតយន្តការអំណោយផល ដើម្បី ជំរុញ ការ កែច្នៃ ផលិត ផល សក្តានុពល កម្ពុជា ឱ្យ កាន់តែ សម្បូរបែបជាបន្តបន្ទាប់ នាពេល អនាគតផងដែរ ។

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍លោក Gaurav Patil ចំពោះទំនុកចិត្តក្នុងការវិនិយោគ និងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា និងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការលើកកម្ពស់ ជំរុញ និងអភិវឌ្ឍវិស័យកែច្នៃស្វាយចន្ទីកម្ពុជា និងផលិតផលសក្តានុពលផ្សេងទៀតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ដោយ៖ ស្រីពេជ្រ





