ផែនទីបង្ហាញផ្លូវ STRACAP ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា
AKPភ្នំពេញថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦– ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ‘ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២’ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជានៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដាជាតិ បានគូសបញ្ជាក់អំពីសារសំខាន់នៃប្រព័ន្ធស្តង់ដា និងហេដ្ឋារចនាសម្ព័ន្ធគុណភាព ក្នុងការគាំទ្របរិវត្តកម្មសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ឧស្សាហកម្ម ផលិតកម្ម និងអាជីវកម្មទាំងអស់របស់យើងត្រូវតែអនុវត្តតាមស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវនៃការវាយតម្លៃភាពអនុលោម ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងប្រកបដោយជោគជ័យនៅក្នុងទីផ្សារពិភពលោក ទីផ្សារតំបន់ ក៏ដូចជាទីផ្សារស្ថិតក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។”

ឯកឧត្តមបានបន្ថែមថា ការអនុវត្តតាមស្តង់ដាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នឹងជួយឱ្យផលិតផលកម្ពុជាទទួលបានទំនុកចិត្ត និងពង្រីកទីផ្សារថ្មីៗបន្ថែមទៀត។
ផែនទីបង្ហាញផ្លូវ STRACAP ត្រូវបានអភិវឌ្ឍឡើងក្រោមកម្មវិធី RT4D ដោយមានការគាំទ្រពីអង្គការស្តង់ដាអន្តរជាតិ (ISO) អង្គការ UNIDO និងរដ្ឋាភិបាលអូស្ត្រាលី។ ផែនទីនេះផ្តល់នូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធស្តង់ដារបស់កម្ពុជា និងអនុលោមភាពស្របតាមក្របខ័ណ្ឌអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក។

ជាមួយគ្នានេះ ផែនទីបង្ហាញផ្លូវនេះបានកំណត់អាទិភាពយុទ្ធសាស្ត្រចម្បងចំនួនបួនគឺ ការពង្រឹងយន្តការសម្របសម្រួលគោលនយោបាយ និងអភិបាលកិច្ច, ការពង្រឹងសមត្ថភាពស្ថាប័នក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, ការធ្វើឱ្យស្តង់ដា និងបទប្បញ្ញត្តិបច្ចេកទេស ស្របតាមក្របខ័ណ្ឌអន្តរជាតិ ដើម្បីកាត់បន្ថយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម, និងការបង្កើនការយល់ដឹង និងការចូលរួមប្រកបដោយបរិយាបន្នរបស់អាជីវកម្ម និងភាគីពាក់ព័ន្ធ។
ផែនទីបង្ហាញផ្លូវ STRACAP នឹងត្រូវអនុវត្តជាពីរដំណាក់កាល ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣២ ដោយផ្តោតលើការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ អង្គភាពផ្តល់វិញ្ញាបនបត្រ និងអធិការកិច្ច ការធ្វើឌីជីថលូបនីយកម្មសេវាស្តង់ដា និងការពង្រឹងការសម្របសម្រួលរវាងក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន។ ការចូលរួមអនុវត្តពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនគឺជាកត្តាកំណត់មិនអាចខ្វះបានដើម្បីសម្រេចគោលដៅ។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ តាមរយៈគំនិតផ្តួចផ្តើមដូចជា STRACAP មានសារសំខាន់ ដើម្បីធានាថា កំណើននៃវិស័យឧស្សាហកម្ម និងការវិនិយោគពីបរទេស អាចបង្កើតឱកាសសម្រាប់សហគ្រាសក្នុងស្រុក ចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈការអនុវត្ត ស្តង់ដា ការធ្វើតេស្តវិភាគ និងប្រព័ន្ធវិញ្ញាបនបត្រកម្ម ដែលទទួលស្គាល់ជាអន្តរជាតិ។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំចំនួន ៣.០៨៣ កំពុងដំណើរការ កើនឡើងប្រមាណ ២៧ភាគរយ ធៀបនឹងឆ្នាំ២០២៤ ខណៈទុនវិនិយោគសរុបបានឈានដល់ ២៥ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ២៣ភាគរយ។
ដោយ៖ ស្រីពេជ្រ





