ប្រមុខក្រសួងមហាផ្ទៃណែនាំអាជ្ញាធរ និងស្នើគ្រប់តួអង្គក្នុងសង្គម រួមគ្នាផ្សព្វផ្សាយពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស
AKPភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦– ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា គ្រប់គ្នាក្នុងសង្គមត្រូវតែមានទំនួលខុសត្រូវរួមចំណែកដោះស្រាយបញ្ហានេះជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរ ខណៈដែលក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេសបានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្សតាមវិធីសាស្រ្តគ្រប់ស្នៀត និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស ដែលជាអ្នកមាន ឬទៅធ្វើការងារដែលមានប្រាក់ខែខ្ពស់ជាដើម។


បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធគ្រប់មូលដ្ឋានបានបង្ក្រាបសំបុកបទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណីបានជាច្រើនករណី ក្នុងនោះបទល្មើសជួញដូរមនុស្សត្រូវបានបង្ក្រាប ទន្ទឹមគ្នានឹងប្រសិទ្ធភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) ក្នុងឆ្នាំ២០២៥ បទល្មើសជួញដូរមនុស្ស ជាពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទមានចំនួន ២៧២ករណី ក្នុងនោះអំពើជួញដូរមនុស្សមាន ១២៨ករណី ឃាត់ខ្លួនជនសង្ស័យ ២០៩នាក់ មានជនរងគ្រោះ ៦០៩នាក់ (អនីតិជន ៦០នាក់)៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





