រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សំណេះសំណាលសួរសុខទុក្ខ នាយទាហាន និងពលទាហាន យុទ្ធជន យុទ្ធនារី ជួរមុខទាំងអស់ ក្នុងពិធីអបអរសាទររំលឹកខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
AKPភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦– រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សំណេះសំណាលសួរសុខទុក្ខ នាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ជាពិសេស យុទ្ធនារី ជួរមុខទាំងអស់ ដែលកំពុងឈរជើងបម្រើការងារប្រយុទ្ធ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ នាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ជាពិសេស យុទ្ធនារី ជួរមុខទាំងអស់ ដែលកំពុងឈរជើងបម្រើការងារប្រយុទ្ធ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន ទិសទី១ប្រាទព្រះវិហារ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦បានប្រព្រឹត្តនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។
ពិធីនេះមានការអញ្ជើញទទួលយ៉ាងកក់ក្តៅពីឯកឧត្តម ឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងជាមេបញ្ជាការសមរភូមិទិសទី១ប្រាសាទព្រះវិហារ។


លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ក្នុងគោលបំណងរំលេចនូវសក្តានុពល និង សិទ្ធិ, សមភាព, សមត្ថភាព, និង ភាពអង់អាចក្លាហាន ចំពោះយុទ្ធនារី និងស្ត្រី និងក្មេងស្រីគ្រប់រូប ដែលជាគ្រួសារកងទ័ព ភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី នៅលើគ្រប់វិស័យ ដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គម និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ជាពិសេស យុទ្ធនារី ជួរមុខទាំងអស់ ដែលជាគ្រួសារកងទ័ព។

ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ព្រមទាំងក្រុមការងារ បាននាំយកអំណោយ ថវិកា និងគ្រឿងបរិភោគឧបភោគមួយចំនួនធំ មកចែកជូនដល់នាយទាហាន និងពលទាហាន យុទ្ធជន យុទ្ធនារីផងដែរ៕

ដោយ៖ សំ សាម៉ន ប្រភព៖ បញ្ជាការដ្ឋានកងទ័ពជើងគោក





