ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារពិភពលោក
AKPភ្នំពេញថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦– លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារពិភពលោក ដឹកនាំដោយលោក Carlos Felipe Jaramillo អនុប្រធាន ធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អាគារវត្តភ្នំ។
ក្នុងជំនួបនេះ លោក Jaramillo បានបញ្ជាក់ពីការកត់សម្គាល់លើសក្តានុពលសេដ្ឋកិច្ចកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ បន្ថែមលើនេះ លោកក៏បានបញ្ជាក់ពីក្តីសោមនស្សចំពោះកិច្ចសហការល្អរវាងស្ថាប័នទាំងពីរនាពេលកន្លងមកផងដែរ។


ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានមានប្រសាសន៍ពីតួនាទីរបស់វិស័យធនាគារក្នុងការចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងស្ថិរភាពប្រព័ន្ធធនាគារ។ ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីកត្តាប្រឈមមួយចំនួន និងបានផ្លាស់ប្តូរទស្សនាទានពីការវិវត្តនៃស្ថានភាពភូមិសាស្ត្រនយោបាយសកល រួមទាំងការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិផងដែរ។ បន្ថែមលើនេះ លោកជំទាវក៏បានជម្រាបពីការទទួលបានកិច្ចសហការល្អពីខាងធនាគារពិភពលោកលើកិច្ចការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រជាតិនានាពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។


ជារួម ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យបានកាន់តែរឹងមាំថែមទៀត សំដៅគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ គួររំលេចថា បន្ទាប់ពីកិច្ចពិភាក្សានេះ គណៈប្រតិភូធនាគារពិភពលោក ក៏បានទៅទស្សនាសារមន្ទីសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសាន្តវរ្ម័នផងដែរ៕
ដោយ៖ ចរិយា ប្រភព៖ NBC





