ប្រជាពលរដ្ឋទីទ័លក្រចំនួន៣ក្រុង ស្រុក ទទួលបានអំណោយសង្គ្រោះពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
AKPភ្នំពេញថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦– លោក ប៉ែន ចន្ទរិទ្ធា ជាមន្រ្តីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្តសាខាក្រុង ស្រុក បាននាំយកអំណោយសង្គ្រោះរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឧបត្ដម្ភជូនប្រជាពលរដ្ឋងាយរង គ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន ១៨គ្រួសារ ក្នុងនោះមាន ស្រុកស្ទឹងហាវចំនួន ៨គ្រួសារ ស្រុកព្រៃនប់ ៧គ្រួសារ និងក្រុងកំពង់សោម ៣គ្រួសារ ក្នុងខេត្តព្រះសីហនុ ។

លោក ប៉ែន ចន្ទរិទ្ធា ជាមន្រ្តីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានឪ្យដឹងថា ដោយ មានការយកចិត្តទុកដាក់ចំពោះសុកទុក្ខបងប្អូនប្រជាពលរដ្ឋទីទ័លក្រពីឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់អោយមន្ត្រីសាខា អនុសាខានាំយកនូវសម្ភារៈមួយចំនួនផ្ដល់ជូនដល់គ្រួសារទីទ័លក្រ ដើម្បីធ្វើយ៉ាងណាជួយសម្រួល ការលំបាក ការខូចខាតរបស់ពួកគាត់ព្រោះទីណាមានការលំបាក ខ្លះខាត ទីនោះមានសាខាកាកបាទ ក្រហមកម្ពុជានៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឪ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ខ្វះខាតស្បៀងអាហារដោយយើងមិនបានគិតគូរនោះទេ ។

ក្នុងឱកាសនោះលោក ក៏បានធ្វើការអំពាវនាវដល់អ្នកស្ម័គ្រចិត្តភូមិ ឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់អំពីសុខទុក្ខ និងការខ្វះខាតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដូចជា ប្រជាពលរដ្ឋទីទ័លក្រ ស្ត្រីមានកូនច្រើន ចាស់ជរាគ្មានទីពឹង និងកុមារកំព្រារ ។

អំណោយរបស់សាខាកាកបាទក្រហមចែកជូនគ្រួសារទីទ័លក្រក្នុងក្រុង ស្រុកទាំង៣ ១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល។ ដោយឡែកគ្រួសារដែលមានពិការភាពចំនួន ៦នាក់ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល ៕

ដោយ៖ ងូ សុមុនី





