ឯកឧត្តមបណ្ឌិត សួង ណយ ដាក់គោលការណ៍៥ចំណុច ដើម្បីឱ្យព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីខេត្តកំពង់ធំនិងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ទទួលបានជោគជ័យ
AKPកំពង់ធំថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានដាក់គោលការណ៍៥ចំណុច ដើម្បីឱ្យព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីខេត្តកំពង់ធំ និងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ទទួលបានជោគជ័យ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៦ មានទីតាំងមាត់ស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិត បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំប្រតិការណ៍សង្ក្រាន្តឆ្នាំថ្មីខេត្តកំពង់ធំ និងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ឆ្នាំ២០២៦នៅសាកប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។
លោកអ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំបានបង្ហាញពីកម្មវិធី“សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៦” នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង១៦:៣០នាទីរសៀល ពិធីបើកព្រឹត្តិការណ៍“សង្ក្រាន្តកំពង់ធំ” និងអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដោយមានស្តង់ពិព័រណ៍ផលិតផលមកពី ២៥រាជធានីខេត្តនៅ(សួនសម្តេចតេជោ)។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង០៧:០០នាទីព្រឹក ពិធីវេចអន្សមនិងលីងអំបុកសាមគ្គីជូនដល់វីរកងទ័ពនៅវេទិកាអុំទូកខេត្តកំពង់ធំ។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង០៧:០០នាទីព្រឹក ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជួនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពពលីក្នុងសមរភូមិ និងពីធីរាប់បាត្រព្រះសង្ឃចំនួន១៥៨អង្គនៅ(សួនស្ទឹងសែន)។

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ង១០:៤៨ នាទីព្រឹក ពិធីទទួលទេវតាឆ្នាំថ្មីទេពធីតា រាក្យសាទេវី ឆ្នាំមមី អដ្តស័ក ព.ស.២៥៧០នៅ(ផ្ទះបារាំង)។នៅថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០២៦កម្មវិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរមានកម្មវិធីល្បែងប្រជាប្រិយ កម្មវិធីរបាំបុរាណប្រពៃណី កម្មវិធីរាំលេងកម្សាន្ត នៅតាមសួនដងស្ទឹងសែន។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមបណ្ឌិត សួង ណយ
បានមានប្រសាសន៍ពីការរៀបចំចងបដា ផ្ទាំងផ្សព្វផ្សាយ នៃទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ៩មេសាលើកទី៩ ក្រោមប្រធានបទ ខ្មែរផលិត ខ្មែរប្រើប្រាស់ខ្មែររីកចម្រើន (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦)។ពិភាក្សាលើប្លង់ទីតាំងស្តង់ពិពរ័ណ៍ ការរៀបចំស្តង់ និងបែងចែកការទទួលខុសត្រូវ មានចំនួន(២៥០ស្តង់)។ មានផ្តល់ស្តង់ដោយឥតគិតថ្លៃ ជូនតំណាងរាជធានីខេត្តទាំង២៥ ចំនួន២ទៅ៤ស្តង់ ក្នុង១រាជធានីខេត្តដើម្បីនាំយកផលិតផលក្នុងរាជធានី ខេត្តរបស់ខ្លួនមកដាក់តាំងបង្ហាញ។
មានការជ្រើសរើសផលិតករសម្រាប់យកផលិតផលមកដាក់លក់ និងបង្ហាញ។ ការអញ្ជើញសមាសភាពចូលរួមពីគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ។ មានការចាក់ផ្សាយសារសម្តេចធិបតី លើទូរទស្សន៍ វិទ្យុ បណ្តាញសង្គម (ស្នើសុំរាជធានី ខេត្តទាំង២៥ ជួយចាក់ផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងរាជធានី/ខេត្ត)។ រៀបចំក្លោងទ្វាទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី គូសបញ្ជាក់ថាដើម្បីជំរុញការងារចលនាភូមិមួយ ផលិតផលមួយ កាន់តែមានសន្ទុះខ្លាំងក្លា និងមានសមិទ្ធិផលធំធេង ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយឆ្នាំ២០១៦ បានដាក់គោលការណ៍០៥ចំណុចរួមមាន÷១.គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវរៀបចំទិវាជាតិលើកកម្ពស់ការ ប្រើប្រាស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ ដែលទិវាជាតិនេះត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមេសា មុនការរៀបចំ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីឱ្យប្រជាជនយើងបានយល់ដឹងនិងទិញទំនិញប្រើប្រាស់ជាផលិតផលខ្មែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើង។២.ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំក្រុមការងារជំរុញចលនាភូមិមួយផលិតផលមួយ នៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីរួមសហការជាមួយនឹងអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ ដែលជាសេនាធិការ ជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
៣.ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ត្រូវសហការគ្នារៀបចំផែនការ និងយុទ្ធសាស្ត្ររួមគ្នាឱ្យមានប្រសិទ្ធភាពខ្ពស់ និងការប្រជុំចែករំលែក បទពិសោធដើម្បីដោះស្រាយបញ្ហា និងការប្រឈមនានា ក្នុងការលើកកម្ពស់ផលិតផលខ្មែរ ការយល់ដឹង និងប្រើប្រាស់ផលិតផលខ្មែរ។ ៤. គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី/ខេត្ត ទូទាំងប្រទេស ដែលបាន រៀបចំបង្កើតកាលពីឆ្នាំ២០១៤ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយនឹងអគ្គលេខាធិការដ្ឋានភូមិមួយ ផលិតផលមួយក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នៃការខិតខំលើកកម្ពស់ផលិតផលខ្មែរ ក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្ត របស់ខ្លួន ដោយប្រើប្រាស់យន្តការនានា ធនធានថវិការបស់សាលាខេត្ត មន្ទីរវិស័យពាក់ព័ន្ធក្នុងការ ចូលរួមជំរុញ និងលើកកម្ពស់ផលិតផលខ្មែរក្នុងរាជធានីខេត្តរបស់ខ្លួននិង ៥.
ក្នុងគោលដៅលើកកម្ពស់ផលិតផលក្នុងស្រុក សូមឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយ បង្កើនកញ្ចប់ថវិកាជាតិដល់គណៈកម្មាធិការជាតិ ក៏ដូចជាគណៈកម្មាធិការរាជធានី-ខេត្តជំរុញចលនាភូមិមួយ ផលិតផលមួយដើម្បីគាំទ្រការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីការជំរុញ ចលនាភូមិមួយផលិតផលមួយ៕
ដោយ៖ ស៊ុម វណ្ណា





