ថ្នាក់ដឹកនាំខេត្តកំពង់ចាម ណែនាំក្រុមការងារលៀសហាល ៥តោន ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ត្រូវយកចិត្តទុកដាក់ខ្ពស់ លើគុណភាព អនាម័យ ចំណីអាហារ
AKPកំពង់ចាមថ្ងៃទី១៧ មីនា ឆ្នាំ២០២៦– ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានធ្វើការណែនាំដល់ក្រុមអនុគណៈកម្មការរៀបចំផលិតផលប្រចាំខេត្ត ពិសេសក្រុមការងាររៀបចំ នៅកម្មវិធី លៀសហាលត្រូវធ្វើយ៉ាងណា ទុកដាក់ឲ្យបានត្រឹមត្រូវ និងធានាឱ្យបាននូវ "គុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ"ដើម្បីទុកជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ត ។

ភ្ញៀវទេសចរដែលចូលរួមកម្សាន្ត នឹងបានភ្លក់រសជាតិលៀសហាល ប្រកបដោយអនាម័យ ធានាសុខភាពដល់អ្នកបានពិសារ ដែលរដ្ឋបាលខេត្តរបស់យើងរៀបចំចំនួន៥តោន ប្រវែង ១,២០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ។

នេះជាការណែនាំ របស់លោកលោក ផេន សុផល និង លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត កំពង់ចាម ក្នុងកិច្ចប្រជុំអនុគណៈកម្មការរៀបចំផលិតផលប្រចាំខេត្ត នៃគណៈកម្មការដឹកនាំរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៧ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បញ្ហាជាចំបងបំផុតនោះគឺយើងត្រូវធានាឱ្យបាននូវ គុណភាព អនាម័យ និងរសជាតិឆ្ងាញ់ ដូចនេះ ក្រុមការងារបច្ចេកទេស និងផ្នែកពាក់ព័ន្ធទាំងអស់ ចូលរួមត្រួតពិនិត្យ ជាពិសេសគ្រឿងផ្សំ ត្រូវតែជាគ្រឿងផ្សំល្អៗ ឱ្យបានត្រឹមត្រូវតាមកម្រិតលៀស ដើម្បីធានាថារសជាតិ លៀសទាំង ៥តោនមាន រសជាតិ ឆ្ងាញ់ ដែលអ្នកបានភ្លក់ នឹងចងចាំនូវព្រឹត្តិការណ៍ដែលរដ្ឋបាលខេត្តរបស់យើង ក្នុងដួងចិត្តរបស់ពួកគាត់៕

ដោយ៖ ឆាយ ម៉ុត





