អ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជាចំនួន១០រូបត្រូវបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេល៨ថ្ងៃ!
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦--អ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជាចំនួន ១០រូប នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេល៨ថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ដែលជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរយុវជនរបស់ក្រសួងការបរទេសជប៉ុន ហៅថា JENESYS(កម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត)។
បើតាមទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា កម្មវិធីនេះបានដំណើរការចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ ក្នុងគោលបំណងជួយគាំទ្រដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា តាមរយៈការជំរុញការសន្ទនារវាងគណបក្សកាន់អំណាច គណបក្សប្រឆាំង និងភាគីផ្សេងៗ។ នេះជាដំណើរទស្សនកិច្ចលើកទី៨។
អ្នកចូលរូមទាំង១០រូបនោះនឹងទៅទស្សនាសភាជាតិ ហើយធ្វើការផ្លាស់ប្តូរទស្សនៈជាមួយសមាជិកសភាជប៉ុននៃសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា នៅរាជធានីតូក្យូ។ លើសពីនេះ ពួកគេក៏នឹងធ្វើដំណើរទៅខេត្តកាណាហ្គាវ៉ា ដើម្បីស្វែងយល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងហ្ស៊ូស៊ីផងដែរ៕

ដោយ វាសនា(ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា)





