អភិបាលខេត្តកោះកុង និងនាយកអង្គការ CI ជួបពិភាក្សាលើកម្មវិធីអភិរក្សនៅតំបន់ជួរភ្នំក្រវាញកណ្តាល
AKP ភ្នំពេញថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦–អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) ដឹកនាំដោយលោកអ៊ុ សូនី នាយកប្រចាំប្រទេស និងប្រតិភូតំណាងក្រសួងបរិស្ថាន ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិបានចូលចួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង រដ្ឋបាលក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ។

ក្នុងជំនួបពិភាក្សាការងារនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងពិភាក្សាលើកិច្ចការងារអភិរក្សក្នុងតំបន់ ជួរភ្នំក្រវាញកណ្តាល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធឱ្យកាន់តែប្រសើរឡើង។ តំណាងអង្គការCI បានបង្ហាញវឌ្ឍនភាពកម្មវិធីអភិរក្សនៅតំបន់ជួរភ្នំក្រវាញកណ្តាល រួមមានការគ្រប់គ្រងតំបន់ការពារ និងការអនុវត្តច្បាប់ ការសិក្សាស្រាវជ្រាវជីវៈចម្រុះ ប្រព័ន្ធធានាសុវត្ថិភាព ការលើកកម្ពស់ជីវភាពនិងការចូលរួមពីសហគមន៍ និរន្តរភាពថវិកា អភិបាលកិច្ច និងគោលនយោបាយជាដើម។

លើសពីនេះ លោកក៏បានបង្ហាញនូវលទ្ធផលការងារសំខាន់ៗក្នុងរយៈពេលបីឆ្នាំចុងក្រោយ ព្រមទាំងបានលើកឡើងផងនូវទស្សនវិស័យ និងផែនការការងារក្នុងការអនុវត្តកម្មវិធីអភិរក្ស និងទទួលយកនូវអនុសាសន៍ល្អៗពីភាគីពាក់ព័ន្ធលើការអនុវត្តគម្រោង។

ជាលទ្ធផល លោកជំទាវ អភិបាលខេត្ត បានសម្តែងការស្វាគមន៍ ផ្តល់អនុសាសន៍ដ៏មានអត្ថន័យ និងគាំទ្រយ៉ាងពេញទំហឹងទៅលើការងារអភិរក្សការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ ព្រមទាំងបង្ហាញពីគោលជំហររឹងមាំក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការនៅតំបន់ជួរភ្នំក្រវាញកណ្តាល ដើម្បីធានានូវនិរន្តរភាពធនធានធម្មជាតិ និងជីវភាពសហគមន៍មូលដ្ឋាន ៕

ដោយ៖ ណយ នឿន (ប្រភព៖CI)





