រដ្ឋមន្ត្រីក្រសួងធនធានទឹកដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញការចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញការចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបជូនផងដែរថា អាងទឹកសរុបនៅទូទាំងប្រទេសមានចំនួន១៦០៤ ក្នុងនោះ៖ ១)បានចុះបញ្ជីរួចរាល់ចំនួន ២០៩ ស្មើនឹងចំនួន ២៥៧បណ្ណ, ២)បានដាក់សំណើរសុំការវាស់វែងចំនួន៤២៧ ៣)កំពុងដំណើរការវាស់វែងចំនួន១៩០, ៤)រង់ចាំទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣៨១ និង ៥)មិនទាន់ដាក់សំណើសុំការវាស់វែងចំនួន៣៨៧។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតក្រុមលេខាធិការដ្ឋាន ដើម្បីជំរុញការចុះបញ្ជីអាងទឹកឱ្យបានត្រឹមត្រូវ ពេញលេញ និងឆាប់រហ័ស ដើម្បីជួយសម្រួល និងគាំទ្រដល់ដំណើរការនៃការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ព្រមទាំងបង្កើតមូលដ្ឋានទិន្នន័យផ្លូវការជាតិសម្រាប់ការគ្រប់គ្រង និងការពារអាងទឹកឱ្យមានចីរភាព និងទប់ស្កាត់ការរំលោភបំពានលើដីអាងទឹក៕




ដោយ៖ វាសនា( ប្រភព៖ ក្រសួងធនធានទឹក)





