ឯកឧត្តម គីម វីរៈ ជំរុញគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ នាឆ្នាំកន្លងមក និងបានជំរុញឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ឆ្នាំ២០២៦ នេះ និងបណ្តាឆ្នាំខាងមុខ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម គីម វីរៈ បានគូសបញ្ជាក់ថា ជាការពិត ការងារដោះស្រាយបញ្ហាគ្រោះមហន្តរាយដែលបានកើតមាននៅចំពោះមុខ គឺតែងតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយជូនពលរដ្ឋរងគ្រោះ បញ្ចៀសការគ្រោះថ្នាក់ផ្សេងៗតាមដែលយើងអាចធ្វើទៅបានប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះរដ្ឋបាលមូលដ្ឋាន គឺជាអ្នកបានបញ្ចេញសកម្មភាពមុនគេបង្អស់ក្នុងការជួយដល់ពលរដ្ឋរងគ្រោះពីគ្រោះនានា ដែលមានគ្រោះទឹកជំនន់ និងឧបទ្ទវហេតុផ្សេងៗនាពេលកន្លងមក ហើយដែលយើងត្រូវបន្តធ្វើវាដោយសកម្មបន្ថែមទៀតដើម្បីឆ្លើយតបបានទាន់ពេលវេលា។

អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គីម វីរៈ បានសង្កត់ធ្ងន់ថា ការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ និងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ និងការខូចខាត គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងកិច្ចការគ្រប់គ្រងការងារគ្រោះមហន្តរាយ ដោយឯកឧត្តមបានជំរុញឱ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនីមួយៗរៀបចំផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួតជាដើម ជាពិសេសត្រូវធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ-សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកគាំទ្របច្ចេកទេស ខណៈប្រព័ន្ធព្រីស្ស៊ឹមត្រូវបានប្រើប្រាស់ជាឧបករណ៍ផ្លូវការតែមួយគត់ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់ភ្លាមៗ ដោយគ្រោះមហន្តរាយសម្រាប់ប្រើប្រាស់ក្នុងការសម្រេចចិត្តដាក់ចេញការអនុវត្តកិច្ចគាំពារសង្គម និងការឆ្លើយតបគ្រោះអាសន្នរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





