អង្គការ NatureLife ធ្វើការអង្កេតវត្តមានសត្វចាបព្រៃវែងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- សត្វចាបព្រៃវែង គឺជាប្រភេទជិតផុតពូជបំផុត ដោយសត្វនេះតែងតែមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅចាប់ពីខែធ្នូដល់ខែមេសាក្នុងចំនួនយ៉ាងច្រើនរហូតដល់រាប់ពាន់ក្បាល។ នេះបើយោងតាមការឱ្យដឹងពីអង្គការ NatureLife នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ។

នៅរដូវនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife សហការជាមួយមន្រ្តីឧទ្យានុរក្សក្រសួងបរិស្ថានធ្វើការអង្កេតតាមដាន និងការពារសត្វចាបព្រៃវែងឱ្យរួចផុតពីការបរបាញ់ និងដាក់មងទាក់សត្វជារៀងរាល់ឆ្នាំ។ គេអាចកំណត់សត្វចាបញីឈ្មោលបានដោយសារសត្វចាបឈ្មោលមានបំពង់ក ផ្នែកពោះពណ៌លឿងទុំ និងមានវ័ណ្ឌទ្រូងពណ៌ត្នោតមានឆ្នូតស្លាបស ដោយឡែកសត្វចាបញីគ្មានវ័ណ្ឌទ្រូងត្នោតទេ ហើយផ្នែកពោះពណ៌លឿងខ្ចី និងផ្នែកខ្នងពណ៌ត្នោតខ្ចី។

សត្វចាបព្រៃវែង (Yellow-breasted Bunting Enberiza aueola) គឺជាប្រភេទជិតផុតពូជបំផុតលើលោក ដែលកំណត់ក្នុងបញ្ជីក្រហម ក្នុងឆ្នាំ២០១៧៕

ដោយ៖ ណយ នឿន (ប្រភព៖ អង្គារ NatureLife)





