សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្ដក្រចេះ ៣ថ្ងៃ ដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំក្នុងគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- សម្តេច ម៉ែន សំអន បានបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្ដក្រចេះ រយៈពេល ៣ថ្ងៃ និងចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ មីនា ឆ្នាំ២០២៦ ដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំឡើង គឺក្នុងគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់បែបនេះក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី បួងសួងសុំពរជ័យ សិរីសួស្តី សុខសប្បាយ និងសុំសេចក្តីសុខសាន្ត ដើម្បីជាពរជ័យ និងជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខេត្តក្រចេះ រយៈពេល ៣ថ្ងៃ និងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។

ពិធីក្រុងពាលីនេះត្រូវបានរៀបចំឡើងតាមប្រពៃណីខ្មែរស្ថិតនៅលើវាលខ្សាច់មាត់ទន្លេ កោះទ្រង់ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងមន្ត្រីរាជការជាច្រើនរូប ដោយបានបូជាទៀនធូបផា្កភ្ញី និងបណ្តែតប្រទីបថ្វាយដល់ព្រះម៉ែគង្គា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងឱ្យការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ។

សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ពិធីនេះរៀបចំឡើងដើម្បីដឹងគុណចំពោះព្រះម៉ែគង្គា ដែលបានផ្ដល់ប្រភពទឹកដល់មនុស្ស សត្វ និងរុក្ខជាតិនានា សម្រាប់ប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំ។ ពិធីនេះក៏ជាការសូមស្មារលា ឬសុំខមាទោសពីព្រះគង្គា ព្រះពាយ ព្រះធរណី និងព្រះពៃស្រពណ៍ ចំពោះអំពើបាបទាំងឡាយដែលមនុស្សបានប្រព្រឹត្តដោយចេតនា ឬអចេតនា។ ជាពិសេស សូមឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅក្នុងឆ្នាំនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ និងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចខេត្តក្រចេះ និងបង្កើនចំណូលដល់ពលរដ្ឋឱ្យកើនឡើងថែមមួយកម្រិតទៀត។

សម្ដេចបានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍តាមដងទន្លេ ក៏ដូចជាការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ប្រពៃណីជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកចូលរួមកម្សាន្ត និងស្វែងយល់អំពីសម្រស់ធម្មជាតិ វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ។

ព្រឹត្តិការណ៍បុណ្យទន្លេនេះផងដែរ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

សូមបញ្ជាក់ថា បុណ្យទន្លេ មិនត្រឹមតែជាព្រឹត្តិការណ៍មួយសម្រាប់ខេត្តជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទាំងដោយផ្ទាល់ និងដោយប្រយោលដូចជា បង្ហាញពីសាមគ្គីភាពរឹងមាំគ្រប់តួអង្គពាក់ព័ន្ធ តាម «អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច លើកកម្ពស់ការអភិវឌ្ឍបៃតងដែលមានការគិតគូរអំពីធនធានវប្បធម៌ (ភាពជាខ្មែរ ធម្មជាតិ និងបរិស្ថាន) លើកកម្ពស់ការអប់រំ និងការយល់ដឹង និងលើកកម្ពស់វិស័យទេសចរណ៍តាមរយៈព្រឹត្តិការណ៍៕

ដោយ៖ សួស សំរិត





