ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់ និងលូអ៊ុយសាច់ក្នុង ស្រុកមោងឫស្សី
AKP បាត់ដំបង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់ ១,៥ម៉ែត្រ គុណ ១,៥ ម៉ែត្រ ប្រវែង ៣៩០ម៉ែត្រ លូអ៊ុយសាច់ក្នុង ២ម៉ែត្រគុណ ២ម៉ែត្រ ប្រវែង ២៣០ម៉ែត្រ និងស្ដារប្រឡាយប្រវែង ២៨៥ម៉ែត្រ ស្ថិតក្នុងស្រុកមោងឫស្សី។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធលូនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រំដោះការជន់លិចនៅរដូវវស្សា។ ឯកឧត្តម បានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេង និងកុំបារម្ភខ្វះខាតប្រេង ខណៈបច្ចុប្បន្នយើងមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ និងបានសំណូមពរដល់ប្រជាពលរដ្ឋ សូមមានការយោគយល់អធ្យាស្រ័យចំពោះបញ្ហាប្រេងឡើងថ្លៃ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងការប្រកបមុខរបកសិកម្មជាដើម ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ។

អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចុះត្រួតពិនិត្យនៅតាមទីតាំងស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែង និងណែនាំ លើកទឹកចិត្តឱ្យប្រតិបត្តិការលក់ប្រេងឥន្ធនៈប្រកបដោយគុណភាពស្របតាមបទដ្ឋានកំណត់ និងគោរពតាមគោលការណ៍តម្លៃលើទីផ្សារដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។

ឯកឧត្តម សុខ លូ អំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរសព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់ ១០០%៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





