ឯកឧត្ដម ជា វ៉ាន់ដេត ធ្វើទស្សនកិច្ចទៅទីភ្នាក់ងារអវកាសជប៉ុន និងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញទៅធ្វើទស្សនកិច្ចការងារនៅទីភ្នាក់ងាររុករកអវកាសជប៉ុន (Japan Aerospace Exploration Agency) ដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និងការប្រើប្រាស់អវកាស ជាពិសេសផ្កាយរណប ដែលជាផ្នែកមួយកំពុងជឿនលឿននៃបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថល។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមប្រទេសជាមិត្ត (Friends Group) នៃ «ដំណើរការហ៊ីរ៉ូស៊ីម៉ា ស្ដីពីបញ្ញាសិប្បនិម្មិត» (Hiroshima AI) កាលពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានទទួលជំនួបពិភាក្សាការងារជាមួយនឹងក្រុមហ៊ុនជប៉ុនចំនួន៣ គឺក្រុមហ៊ុន Nippon Koei ក្រុមហ៊ុន Magna Wireless និងក្រុមហ៊ុន NextMake។ ក្រុមហ៊ុន Nippon Koei គឺជាក្រុមហ៊ុនសិក្សារៀបចំផែនការមេនៃគម្រោងសួនឌីជីថលជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រុមហ៊ុននេះមានប្រវត្តិទំនាក់ទំនងយូរអង្វែងជាមួយកម្ពុជា ដោយបានទទួលគ្រឿងឥស្សរិយយសពីព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៥៨ ក្នុងការចូលរួមអភិវឌ្ឍន៍ផ្លូវទឹក និងផ្លូវដែកនៅកម្ពុជា។

រីឯក្រុមហ៊ុន Magna Wireless ជាក្រុមហ៊ុនផលិតគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ រួមមានឧបករណ៍ប្រើបច្ចេកវិទ្យាទូរគមនាគមន៍ចល័តជំនាន់ទី៥ (5G) ដែលមានឡេតថិនស៊ីទាប (low-latency) សឺមីកុងឌុចទ័រ និងបន្ទះឈីប។ កិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យលទ្ធភាពឱ្យក្រុមហ៊ុន Magna Wireless មកដាក់ទីតាំងក្នុងសួនឌីជីថលនៅកម្ពុជា។ ចំពោះជំនួបជាមួយក្រុមហ៊ុន NextMake គឺដើម្បីពិភាក្សាការងារលើការរៀបចំបញ្ជូននិស្សិតជំនាញឌីជីថលជំនាន់ទី១ ដែលចេះភាសាជប៉ុនមកធ្វើការងារនៅប្រទេសជប៉ុនក្រោមកម្មវិធី IT Pathway ដែលគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងវិស័យឌីជីថលរវាងកម្ពុជា និងជប៉ុន ដែលមានការរីកចម្រើនជាលំដាប់តាមរយៈការស្វែងយល់អំពីការអភិវឌ្ឍ និងប្រើប្រាស់អវកាស ការវិនិយោគក្នុងវិស័យឌីជីថល ទូរគមនាគមន៍ ធនធានមនុស្សឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





