មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំជំរុញឱ្យមានការអប់រំផ្សព្វផ្សាយបន្ថែមទៀតពីសារៈសំខាន់នៃវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន
AKP ព្រះវិហារ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យមានការអប់រំផ្សព្វផ្សាយបន្ថែមទៀតពីសារៈសំខាន់នៃវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ក្នុងគោលដៅចូលរួមកាត់បន្ថយការឆ្លងជំងឺមហារីកមាត់ស្បូន។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលបញ្ចប់គម្រោងវាយតម្លៃផលជះ ការអប់រំបង្ការជំងឺមហារីកមាត់ស្បូននៅតាមសាលារៀន ដែលរៀបចំឡើងដោយនាយកដ្ឋានសុខភាពសិក្សា សហការឧបត្ថម្ភដោយអង្គការ CHAI ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងនាយកដ្ឋានពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ នាយកសាលាគោលដៅ និងដៃគូអភិវឌ្ឍន៍ នាខេត្តកែប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានគូសបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ១.បង្ហាញពីតួនាទី និងការទទួលខុសត្រូវរបស់សាលារៀន និងមណ្ឌលសុខភាពក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ការអប់រំបង្ការ ការធ្វើរបាយការណ៍ និងការចូលរួមរបស់សហគមន៍ ២.បង្ហាញពីលទ្ធផលចុងក្រោយសំខាន់ៗនៃគម្រោងវាយតម្លៃផលជះ ការអប់រំបង្ការជំងឺមហារីកមាត់ស្បូននៅតាមសាលារៀន និង ៣.ពិភាក្សា និងប្រមូលធាតុចូលពីបញ្ហាប្រឈម អន្តរាគមន៍ និងយុទ្ធសាស្ត្រក្នុងការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននៅតាមសាលារៀនប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។

លោកជំទាវបណ្ឌិតរដ្ឋលេខាធិការប្រចាំការ បានលើកឡើងអំពីសារៈសំខាន់ និងតួនាទីរបស់សាលារៀន និងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះផងដែរ ហើយថា ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវគឺជាជំហានដ៏សំខាន់មួយ ដើម្បីឈានទៅរកការពង្រីកកម្មវិធីអប់រំសុខភាពនេះឱ្យកាន់តែទូលំទូលាយប្រកបដោយគុណភាព និងចីរភាព ស្របតាមគោលនយោបាយជាតិស្តីពីសុខភាពសិក្សា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារី និងស្ត្រី៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





