គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់ស្រ្តី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយសហគមន៍
AKP កណ្តាល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ -- ក្រុមការងារគណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការនារី និងកុមារខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលក្រុងអរិយក្សត្រ និងសង្កាត់ព្រែកក្មេង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយសហគមន៍ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការកិច្ចការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងលោកស្រី សៅ សុភ័ណ្ឌ អភិបាលរងក្រុងអរិយក្សត្រ ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមការងារ គកសកក្រុង ការិយាល័យពាក់ព័ន្ធ ប៉ុស្តិ៍នគរបាលសង្កាត់ មណ្ឌលសុខភាព គកនក សង្កាត់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុប ១៦៨នាក់ (ស្រី ១៤៣នាក់) នៅបរិវេណសាលាសង្កាត់ព្រែកក្មេង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

ខ្លឹមសារផ្សព្វផ្សាយរួមមាន ទី១ សុខភាពមាតា ទារក និងអាហារូបត្ថម្ភ ជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ទី២ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ទី៣ ការចិញ្ចឹមកូនបែបវិជ្ជមាន និងទី៤ ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ។

ចប់វេទិកាផ្សព្វផ្សាយ ក្រុមការងារបានចុះសួរសុខទុក្ខគ្រួសារក្រីក្រទើបសម្រាលកូនបាន ៤ខែ និងមានសមាជិកគ្រួសារក្នុងបន្ទុកចំនួន ៥នាក់ នៅភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ដោយក្រុមការងារខេត្ត បានឧបត្ថម្ភអង្ករ ១បាវ មី ១កេស ទឹកត្រី ១យួរ ប៊ីចេង ត្រីខ ១យួរ សាប៊ូ ១កញ្ចប់ និងថវិកាមួយចំនួន៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





