អភិបាលរងខេត្តកំពង់ស្ពឺជំរុញប្រសិទ្ធភាពសេវាសាធារណៈឌីជីថល និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាតំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងបិទវគ្គតម្រង់ទិស ស្តីពីតួនាទី ភារកិច្ច សមត្ថភាព សិទ្ធិអំណាច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» របស់ការិយាល័យប្រជាពលរដ្ឋ។

ពិធីនេះត្រូវបានរៀបចំឡើងនៅសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង/ស្រុក មេឃុំ និងស្មៀនឃុំ-សង្កាត់ សរុបប្រមាណ ២០០នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហន ភក្តី អភិបាលរងខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែក និងបានជំរុញឱ្យសិក្ខាកាមដែលបានចូលរួមត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គតម្រង់ទិសនេះទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត វគ្គតម្រង់ទិសនាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋតាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមអភិបាលរង បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋាន ដោយត្រូវក្តាប់ស្ថិតិ និងមុខសញ្ញាឱ្យបានច្បាស់លាស់ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តមបានជំរុញឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវតាមដានរាល់ការបង្ហោះតាមបណ្តាញសង្គមឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ និងបកស្រាយបំភ្លឺនូវរាល់ព័ត៌មានក្លែងក្លាយ ដែលមានចេតនាបំពុលសង្គម ឬបង្កឱ្យមានការយល់ច្រឡំ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា កម្មវិធី «មតិយើង» គឺជាស្ពានចម្លងឌីជីថលដែលជួយឱ្យរដ្ឋបាលខេត្តក្តាប់បាននូវរាល់បញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តមបានជំរុញឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារដោយភាពទទួលខុសត្រូវខ្ពស់ និងប្រើប្រាស់ឧបករណ៍នេះជាមធ្យោបាយកែលម្អការផ្តល់សេវាឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





