ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បិទវគ្គសិក្សាឆ្នាំ២០២៥ និងបើកវគ្គសិក្សាឆ្នាំ២០២៦ នៃកម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦--ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីបិទវគ្គសិក្សាឆ្នាំ២០២៥ និងបើកវគ្គសិក្សាឆ្នាំ ២០២៦ នៃ «កម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង» ដោយមានការចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ២០២៥ និងសិក្ខាកាមគោលដៅឆ្នាំ២០២៦ ជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈមកពីក្រសួងស្ថាប័ន រួមទាំងមន្ទីរជំនាញ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

អង្គពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោក Bryan FORNARI ប្រធានសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រួមនឹងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្ទីរជំនាញ ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលរាជធានីខេត្ត ព្រមទាំងឧទ្ទេសាចារ្យ និងសិក្ខាកាមសរុបប្រមាណ ១.២០០នាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំពុងស្ថិតក្នុងដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅគឺ «គណនេយ្យភាពសមិទ្ធកម្ម» ដែលត្រូវបានបន្តគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ បានកំណត់ក្របខ័ណ្ឌពេលសម្រាប់ការអនុវត្តជាមូលដ្ឋាន «ប្រព័ន្ធថវិកាសមិទ្ធកម្ម» ចាប់ពីឆ្នាំ២០២៦ និងតម្រូវឱ្យមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈនៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ។

ក្នុងន័យនេះ ការបណ្ដុះបណ្ដាល និងវិក្រឹតការលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈក្នុងការកសាងគុណវុឌ្ឍិ ដើម្បីបំពេញមុខងារភារកិច្ចសំដៅចូលរួមលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងារនៃអង្គភាពថវិកានីមួយៗរបស់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមស្មារតីច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ ត្រង់មាត្រា១៤ ដែលបានកំណត់ថា «មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈនៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ» និងស្របតាមស្មារតីអនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានរាជរដ្ឋាភិបាលដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់ក្នុងការកសាង និងការអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីកសាងសមត្ថភាព ដែលមានលក្ខណៈប្រមូលផ្តុំជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងត្រូវបានកំណត់ទៅជាកម្មវិធីសម្រាប់ក្រសួង-ស្ថាប័ន និងមន្ទីរអង្គភាពជំនាញក្រោមឱវាទ កម្មវិធីសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល និងកម្មវិធីសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ការបណ្តុះបណ្តាល និងវិក្រឹត្យការជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈបានចំនួន ៦០៧នាក់ (ស្ត្រី ២៧១នាក់) ដែលបច្ចុប្បន្ន មន្ត្រីទាំងនោះកំពុងបំពេញការងារនៅតាមអង្គភាពថវិកានៃក្រសួងសា្ថប័នយ៉ាងសកម្មប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ។ បន្ថែមពីលើនេះ វិទ្យាស្ថានបានសហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធក្នុងការបណ្ដុះបណ្ដាល និងវិក្រឹតការរយៈពេលខ្លីជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈដើម្បីពង្រីក និងលើកកម្ពស់ការយល់ដឹង និងចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង និងបរិយាបន្នស្របតាម «ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០២៤-២០៣៣» ដែលជាផែនទីបង្ហាញផ្លូវគោលនយោបាយជាតិ គ្របដណ្តប់លើមហិច្ឆតាក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់អភិបាលកិច្ចបរិស្ថានរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនោះ លោក Bryan FORNARI ប្រធានសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានស្វាគមន៍ និងអបអរសាទរចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងបីដំណាក់កាលកន្លងមក និងវឌ្ឍនភាពល្អប្រសើរសម្រាប់ដំណាក់កាលទី៤ និងបានវាយតម្លៃថា ការកសាង និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស គឺជាកត្តាចាំបាច់សម្រាប់សម្រេចគោលដៅនៃគ្រប់កម្មវិធីកែទម្រង់។ ហេតុនេះ ទើបសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធតែងបានផ្តល់ និងបន្តផ្ដល់ការគាំទ្រ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ជំនាញបច្ចេកទេសហិរញ្ញវត្ថុចាំបាច់ត្រូវពង្រីកពី «ការអនុវត្តថវិកាកម្មវិធីឆ្ពោះទៅការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម» និងតម្រូវឱ្យបង្កើនការអនុវត្តកម្មវិធីបណ្ដុះបណ្តាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលមានលក្ខណៈប្រមូលផ្តុំជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយសម្រាប់កសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ដើម្បីអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសមិទ្ធកម្មក្រោមឆ័ត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព៕
ដោយ៖ ទូច វលក្ខ័ណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





