អភិបាលខេត្តបន្ទាយមានជ័យ ជំរុញឱ្យក្រុមប្រឹក្សាថ្នាក់មូលដ្ឋានពង្រឹងការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦--ក្នុងស្មារតីពង្រឹងអភិបាលកិច្ចល្អ និងការអភិវឌ្ឍនៅកម្រិតមូលដ្ឋានឱ្យកាន់តែរឹងមាំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំ លើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យុត ស្វិនី សមាជិកក្រុម ប្រឹក្សាខេត្ត លោក សំរិទ្ធិ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ព្រមទាំងថ្នាក់ ដឹកនាំក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណជាង ១៤០នាក់។

ក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននាពេលកន្លងមក និងបានដាក់ចេញនូវទិសដៅការងារ សំខាន់ៗ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឯកឧត្តមបានរំលឹកថា ក្រុមប្រឹក្សាត្រូវចេះសហការគ្នា រវាងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីធានាថាការសម្រេចចិត្តនានា ធ្វើឡើងដើម្បីផលប្រយោជន៍រួមរបស់សហគមន៍។ ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ត្រូវលុប បំបាត់ភាពយឺតយ៉ាវ និងភាពមិនប្រក្រតីក្នុងការផ្តល់សេវារដ្ឋបាលជូនពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា "មន្ត្រីមូលដ្ឋានគឺជាអ្នកនៅកៀកពលរដ្ឋបំផុត ដូច្នេះត្រូវធ្វើខ្លួនជាបង្អែក ដ៏កក់ក្តៅជូនពួកគាត់"។ ការតាមដាន និងដោះស្រាយបញ្ហាប្រឈម ក្រុមប្រឹក្សាសមាគមត្រូវក្តាប់ឱ្យ ជាប់នូវរាល់បញ្ហានៅតាមមូលដ្ឋាន មិនថារឿងទំនាស់ដីធ្លី សន្តិសុខភូមិឃុំ ឬការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីយកមកពិភាក្សារកដំណោះស្រាយឱ្យទាន់ពេលវេលា។ "យើងមិនត្រូវ មើលរំលងបញ្ហាតូចតាចដែលពលរដ្ឋជួបប្រទះនោះឡើយ ព្រោះសេចក្តីសុខរបស់ពលរដ្ឋ គឺជាម៉ែត្រវាស់វែងនៃជោគជ័យរបស់រដ្ឋបាលថ្នាក់មូលដ្ឋាន" នេះជា ប្រសាសន៍មន្ថែមឯកឧត្តម អ៊ុំ រាត្រី។
ជាមួយគ្នានេះដែរ លោក សំរិទ្ធិ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានលើកឡើងពីសារៈសំខាន់នៃយន្តការសមាគម ដែលជាស្ពានចម្លងមតិ និងបទពិសោធន៍រវាង ក្រុមប្រឹក្សានៅទូទាំងប្រទេស។ លោកបានជំរុញឱ្យសមាជិកទាំងអស់ប្រើប្រាស់វេទិកា នេះដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រី និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំលើកទី២ អាណត្តិទី៤នេះ នឹងក្លាយជាត្រីវិស័យសម្រាប់សមាជិកក្រុម ប្រឹក្សាទាំងអស់បន្តបេសកកម្មបម្រើជាតិ និងប្រជាជនក្នុងខេត្តបន្ទាយមានជ័យ ឱ្យកាន់តែរីក ចម្រើនលើគ្រប់វិស័យ៕
ដោយឈុនសារ៉ាត





