អភិបាលខេត្តបន្ទាយមានជ័យបញ្ជាដាច់ខាតឱ្យទប់ស្កាត់ការលេងជះទឹក និងប៉ាតម្សៅខុសទំនងដើម្បីការពារសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦--ក្នុងស្មារតីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងដើម្បីថែរក្សាតម្លៃនៃទំនៀមទម្លាប់ប្រពៃណីជាតិដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវវិធានការក្តៅ ដោយហាមឃាត់ជាដាច់ខាតនូវរាល់សកម្មភាពលេងកម្សាន្តដែលបង្កហានិភ័យ និងប៉ះពាល់ដល់កិត្តិយសសង្គម ដូចជាការជះទឹក គប់ស្បោងទឹក និងការប៉ាតម្សៅលើអ្នកដំណើរ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា ការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ មិនត្រឹមតែជាការរៀបចំសប្បាយកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការសហការគ្នាដើម្បីធានាបាននូវ «សុវត្ថិភាព និងភាពថ្លៃថ្នូរ»។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវតាមដាន និងទប់ស្កាត់ឱ្យខានតែបាននូវសកម្មភាពដែលផ្ទុយពីប្រពៃណីជាតិ រួមមានការលេងជះទឹកខុសបច្ចេកទេស ការជះទឹកមានពណ៌ ទឹកកខ្វក់ ឬការគប់ស្បោងទឹកដល់អ្នកដំណើរតាមដងផ្លូវ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ការរំលោភបំពានសិទ្ធិបុគ្គល ការលាបធ្យូង និងប៉ាតម្សៅដោយបង្ខំ ដែលធ្វើឱ្យខូចខាតសម្លៀកបំពាក់ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ការលេងល្បែងស៊ីសង និងអំពើហិង្សា រាល់ល្បែងភ្នាល់គ្រប់ប្រភេទ និងការបង្កជម្លោះក្នុងពេលរាំកម្សាន្ត ត្រូវតែបង្ក្រាបឱ្យទាន់ពេលវេលា។

«យើងត្រូវចាត់តាំងក្រុមប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវហាមឃាត់ដាច់ខាតនូវរាល់ល្បែងទាំងឡាយណាដែលនាំឱ្យខាតបង់អន្តរាយទ្រព្យសម្បត្តិ និងប៉ះពាល់ដល់កិត្តិយសជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមអភិបាលខេត្ត។
ទន្ទឹមនឹងការរឹតបន្តឹងនេះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានជំរុញឱ្យគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ បង្កើនការរៀបចំសោភ័ណភាព និងសម្តែងសិល្បៈនៅតាមទីសាធារណៈ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរពិតៗ ដូចជាចោលឈូង បោះអង្គុញ ទាញព្រ័ត្រ និងលាក់កន្សែង នៅតាមវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងបន្តវេនថែរក្សាកេរដំណែលដូនតា។
ឯកឧត្តមអភិបាលខេត្ត ក៏មិនភ្លេចនូវការរំលឹកគុណូបការៈចំពោះវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពទឹកដីធ្វើឱ្យខេត្តជាប់ព្រំដែនមួយនេះ ទទួលបានសុខសន្តិភាព និងឱកាសក្នុងការប្រារព្ធពិធីបុណ្យទានសប្បាយរីករាយដូចសព្វថ្ងៃ។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យឱ្យចូលរួមលេងកម្សាន្តដោយក្តីសប្បាយរីករាយ យោគយល់អធ្យាស្រ័យ និងរក្សានូវតម្លៃស្រ្តីខ្មែរ ក៏ដូចជាកិត្តិយសគ្រួសារដើម្បីធ្វើឱ្យបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ក្លាយជាការចងចាំដ៏ល្អប្រពៃបំផុត៕
ដោយ៖ ឈុន សារ៉ាត





