រដ្ឋបាលខេត្តតាកែវប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៩
AKP តាកែវ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តតាកែវ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៩ នៅសាលប្រជុំច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក-ឃុំ-សង្កាត់ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត និងរួមគ្នាបង្ការទប់ស្កាត់ចំពោះករណីឆបោក ឬចាប់ជំរិតតាមប្រព័ន្ធអនឡាញ (Scams Online) កុំឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្តិសុខសង្គម។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវវិធានការដ៏មុតស្រួចក្នុងការបង្ការទប់ស្កាត់ករណីឆបោកតាមប្រព័ន្ធអនឡាញនៅលើទឹកដីកម្ពុជាយើង។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការចុះតាមដានត្រួតពិនិត្យស្រាវជ្រាវទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងៗទៀត ខ្លាចក្រែងមានបង្កប់ធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ។ អំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសចំពោះអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់មន្ត្រីច្រកទ្វារព្រំដែនទាំងអស់ក្នុងខេត្តតាកែវ ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានតឹងរ៉ឹងបំផុត សម្រាប់រាល់ភ្ញៀវបរទេសដែលចេញពីប្រទេសវៀតណាមចូលមកកម្ពុជាតាមច្រកខេត្តតាកែវ ហើយត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ ក្រែងមានប្រព្រឹត្តបទល្មើសជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កុំឱ្យកើតមានដូចខេត្តមួយចំនួន៕

ដោយ៖ អ៊ុច សៀង





