កីឡាគុនខ្មែរជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរ និងវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ពិភពលោក
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់កីឡាករ កីឡាការិនីជាតិ អន្តរជាតិដែលបានចូលរួមប្រកួតកីឡាគុនខ្មែរ ជាពិសេសបានជួយផ្សព្វផ្សាយកីឡាគុនខ្មែរ វប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរ និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជានៅខេត្តព្រះសីហនុទៅកាន់ពិភពលោក។

ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងដូចនេះក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកប្រចាំឆ្នាំ២០២៥ លើកទី៦ នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលសម្រេចបានជោគជ័យតាមការគ្រោងទុក។

ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ក្នុងការពន្លឿនចក្ខុវិស័យឆ្នាំ២០៣៨ អភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតងរមណីយដ្ឋានឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ដែលមានសុខដុម នីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្រ្តជាតិ។

ឯកឧត្តមអភិបាលបាន បញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកទស្សនាកម្សាន្តខេត្តព្រះសីហនុ ដោយធានានូវសុវត្ថិភាពទេសចរណ៍ ពង្រឹងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងបដិសណ្ឋារកិច្ចនៅតាមបណ្តាក្រុង-ស្រុក ក៏ដូចជាគោលដៅកម្សាន្តនានា ដោយយន្តការបង្ការ និងឆ្លើយតបទាន់ពេលវេលាជូនភ្ញៀវទេសចរប្រកបដោយកក់ក្តៅសុវត្ថិភាព និងទំនុកចិត្ត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកប្រចាំឆ្នាំ២០២៥ លើកទី៦ នៅលើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុនេះ មានកីឡាករ កីឡាការិនីចូលរួមមកពីបណ្តាប្រទេសចំនួន២០៕

ដោយ ងូ សុមុនី





