រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការអភិវឌ្ឍឧត្តមសិក្សាដើម្បីពិពិធកម្ម និងកំណើនសេដ្ឋកិច្ចគូសបញ្ជាក់អំពីសារៈសំខាន់នៃការស្រាវជ្រាវ នវានុវត្តន៍ និងបរិវត្តកម្មបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- ការអភិវឌ្ឍឧត្តមសិក្សាដើម្បីពិពិធកម្ម និងកំណើនសេដ្ឋកិច្ច បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការស្រាវជ្រាវ នវានុវត្តន៍ និងបរិវត្តកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅឧត្តមសិក្សា តាមរយៈការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងនិស្សិតនៅឧត្តមសិក្សាឱ្យចេះទាញយកប្រយោជន៍ និងប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតនៅក្នុងការបង្រៀន ការរៀន និងការស្រាវជ្រាវ ដើម្បីផលប្រយោជន៍ក្នុងសង្គម និងលើកកម្ពស់សុខុមាលភាពសង្គមប្រកបដោយចីរភាព ដែលផ្តោតលើដំណោះស្រាយជាក់ស្តែង ព្រមទាំងការកសាងប្រព័ន្ធអេកូឡូស៊ី និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម ដើម្បីផ្សារភ្ជាប់គម្លាតរវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

ខាងលើនេះ គឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនៃការបិទសន្និបាតបូកសរុបការងារអប់រំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយគម្លាតជំនាញ យើងត្រូវធ្វើទំនើបកម្មកម្មវិធីសិក្សាផ្អែកលើលទ្ធផល (OBE) និងផ្អែកលើស្តង់ដាសមត្ថភាព (CBT) ព្រមទាំងវិធីសាស្ត្របង្រៀន ដូចជា ការសិក្សាផ្អែកលើគម្រោង ការសិក្សាផ្អែកលើការស្រាវជ្រាវ។ល។ ការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីជួយឱ្យនិស្សិតសម្រេចបាននូវសមត្ថភាពជំនាញចាំបាច់។
ការអភិវឌ្ឍកម្មវិធីសិក្សាឱ្យដល់កម្រិតអន្តរជាតិ ដោយឈរលើឧត្តមានុភាពនៃកម្មវិធីសិក្សាក្នុងស្រុក និងចាប់ផ្តើមដំឡើងស្តង់ដាគុណភាពថ្នាក់អន្តរជាតិ ជាពិសេសការចាប់យកភាសាអង់គ្លេសជាគោល ដើម្បីលើកកម្ពស់ស្តង់ដាគុណភាព និងលទ្ធផលសិក្សារបស់និស្សិត ដែលកិច្ចការទាំងនេះសម្រេចទៅបាន អាស្រ័យលើការពង្រឹងអភិបាលកិច្ចប្រកបដោយចីរភាពនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដូចជាការរៀបចំក្របខ័ណ្ឌអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគាំទ្រឱ្យរឹងមាំ ការអភិវឌ្ឍសមត្ថភាព ការកសាងផ្នត់គំនិតវិជ្ជមាន ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត៕
ដោយ៖ ចាន់ សុភឿន





