ការងារហ្វឹកហ្វឺនបានដើរតួនាទីសំខាន់ណាស់សម្រាប់ការអភិវឌ្ឍធនធានមនុស្សដើម្បីរួមចំណែកដល់ការកែទម្រង់វិស័យការពារជាតិរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- ការហ្វឹកហ្វឺនបានដើរតួនាទីសំខាន់ណាស់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមចំណែកដល់ការកែទម្រង់ និងពង្រឹងវិស័យការពារជាតិ។ នេះជាប្រសាសន៍លើកឡើងរបស់ នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរងនៃនកងយោធពលខេមរភូមិន្ទក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលយុទ្ធវិធីឯកទេសការពារគីមីសាស្ត្រជំនាន់ទី១៤ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនជំនាញការពារគីមីសាស្ត្រ (លង្វែក) ខេត្តកំពង់ឆ្នាំង។

ក្នុងរបាយការណ៍ស្វាគមន៍របស់ឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នាយកទីចាត់ការការពារគីមីសាស្ត្រ បានឱ្យដឹងថា ពិធីបិទវគ្គដែលបានប្រារព្ធបិទនាពេលនេះ មានសិក្ខាកាមសរុបចំនួន ៨០នាក់ ក្នុងនោះទទួលបានលទ្ធផលល្អចំនួន ៣៤នាក់ ល្អបង្គួរចំនួន ៣១នាក់ និងមធ្យមចំនួន ១៥នាក់។

នាយឧត្តមឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងការកោតសសើរ និងវាយតំលៃខ្ពស់ចំពោះគណៈកម្មការដឹកនាំការងារហ្វឹកហ្វឺនរបស់សាលាហ្វឹកហ្វឺនការពារគីមីសាស្ត្រ ដែលបានជំនះរាល់ឧបសគ្គបង្កើតបានជាវគ្គហ្វឹកហ្វឺននេះបញ្ចប់ដោយជោគជ័យ។ ការបិទវគ្គនេះ ពិតជាបានឆ្លើយតបយ៉ាងប្រចក្សបំផុតទៅនឹងចរន្តនៃការបង្កើនសមត្ថភាពធនធានមនុស្សក្នុងកងទ័ព តាមរយ:ការហ្វឹកហ្វឺន រួមចំណែកដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ និងធ្វើឱ្យវិស័យការពារជាតិកាន់តែរឹងមាំ។

នាយឧត្តមសេនីយ៍បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពដល់វិស័យអប់រំក្នុងការអភិវឌ្ឍធនធានមនុស្ស សំដៅកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនលើផ្អែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន និងសមាហរណកម្មទៅនឹងការរីកចម្រើននៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានាសម័យទំនើប ។

នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរអំពីបញ្ហាទន្ទ្រានចូលឈ្លានពានទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះ កងយោធាថៃបានបង្កសង្គ្រាមរំលោភបំពានយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែនខុសនឹងច្បាប់អន្តរជាតិ។

ឆ្លើយតបនឹងអំពើរំលោភបំពាននេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្ដសិទ្ធិស្វ័យការពារខ្លួនយ៉ាងប្ដូរផ្ដាច់។ ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធីតាមគ្រប់យន្ដការ និងស្របតាមច្បាប់អន្ដរជាតិ ពិសេសបានអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ។

នាយឧត្ដមសេនីយ៍បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវពង្រឹងជំហរស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់មនសិការស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិ និងប្រជាជន។ ទន្ទឹមនេះដែរ ត្រូវយកចំណេះដឹង ដែលបានរៀនសូត្រចប់ទៅពង្រឹងអង្គភាពរបស់ខ្លួនឆ្លើយតបទៅនឹងភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យបានសម្រេចជោគជ័យ៕




ដោយ សំ សាម៉ន (ប្រភព: សាលាហ្វឹកហ្វឺនជំនាញការពារគីមីសាស្ត្រ)





