មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
AKP ព្រះវិហារ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃមន្ទីរកសិកម្មខេត្ត និងមន្ដ្រីកសិកម្មឃុំជាច្រើនរូបទៀត។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលការងារដែលបានបំពេញក្នុងឆ្នាំ២០២៥ ដើម្បីយកមកឆ្លុះបញ្ចាំងអំពីបទពិសោធន៍ បង្ហាញនូវបញ្ហាប្រឈមនានា និងកាលានុវត្តភាពថ្មី ដើម្បីរិះរកវិធានការដោះស្រាយ និងកំណត់បណ្តាសកម្មភាពជាឤទិភាព ឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមានរីកចម្រើនស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានរាយការណ៍យ៉ាងលម្អិតអំពីវឌ្ឍនភាពនៃវិស័យកសិកម្មក្នុងខេត្តដោយបញ្ជាក់ថាក្នុងឆ្នាំ២០២៥កន្លងទៅ។ ខេត្តព្រះវិហារមានផ្ទៃដីដាំដុះដំណាំកសិកម្មសរុបចំនួន២៣៤.២០៨ហិកតា ដោយក្នុងនោះដំណាំយុទ្ធសាស្ត្រសំខាន់ៗរួមមានស្រូវស្វាយចន្ទីដំឡូងមីនិងចេក។ ចំពោះផលិតកម្មស្រូវវស្សាសម្រេចបានផ្ទៃដីដាំដុះចំនួន១០០.៦១៨ហិកតា មានផ្ទៃដីប្រមូលផលជាក់ស្ដែងចំនួន១០៥.៩៤០ហិកតា ដោយទទួលបានបរិមាណផលសរុបរហូតដល់ចំនួន៣១០.១៦០តោន ជាមួយទិន្នផលជាមធ្យមចំនួន២,៩៦ តោនក្នុងមួយហិកតា។ លោកប្រធានមន្ទីរក៏បានគូបញ្ជាក់ពីភាពរឹងមាំនៃសហគមន៍កសិកម្មក្នុងខេត្តដែលបច្ចុប្បន្នមានចំនួន៤៨សហគមន៍ និងមានសមាជិកសរុបចំនួន១១៤៧៨នាក់ សហគមន៍ទាំងនេះមានទុនភាគហ៊ុនសរុបជាង ៣ប៊ីលានរៀលដែលភាគច្រើនផ្ដោតលើមុខរបរជួញដូរកសិផលចម្បងបានមកពីការលក់ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី។

ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាន ចាត់ទុកថាវិស័យកសិកម្មគឺជាចរន្តសេដ្ឋកិច្ចដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ។ ប្រាក់ចំណូលចម្បងរបស់ពលរដ្ឋបានពីការលក់ស្រូវ ដំឡូងមី និងស្វាយចន្ទី ហើយអ្វីដែលជាមោទនភាពនោះគឺជោគជ័យនៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងសហគមន៍និងក្រុមហ៊ុនឯកជន។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំបូកសរុបនាពេលនេះគឺជាឱកាសដ៏ល្អដើម្បីឆ្លុះបញ្ចាំងពីបទពិសោធន៍បញ្ហាប្រឈមនឹងរិះរកវិធានការដោះស្រាយឱ្យចំគោលដៅដើម្បីជំរុញវិស័យកសិកម្មឱ្យកាន់រីកចម្រើនស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តម យ៉ង សាំងកុមារ បានផ្ដល់នូវអនុសាសន៍ណែនាំ និងការតម្រង់ទិសចំពោះបញ្ហាប្រឈមទាំង៨ចំណុច ដែលកិច្ចប្រជុំបានលើកឡើងដើម្បីសម្រេចឱ្យបាននៅទិសដៅការងារសម្រាប់ឆ្នាំ២០២៦នេះ។ ឯកឧត្តមបានសង្កត់ធ្ងន់លើការគ្រប់គ្រងការប្រើប្រាស់ជាតិពុលឱ្យមានប្រសិទ្ធភាព និងការជំរុញផលិតផលសរីរាង្គដើម្បីឆ្លើយតបនឹងទីផ្សារអន្តរជាតិនិងបានណែនាំឱ្យពង្រឹងការអនុវត្តកសិកម្មតាមកិច្ចសន្យាឱ្យសម្រេចបាន១០០ភាគរយ ព្រមទាំងដាក់ពង្រាយមន្ត្រីកសិកម្មឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីនៅកៀកជាមួយប្រជាកសិករ។ ក្រៅពីនេះការងារអាទិភាពផ្សេងទៀតដូចជាការងារជលផល ការងារពង្រឹងភាពជាម្ចាស់ការរបស់សហគមន៍កសិកម្ម ការងារបច្ចេកទេសក្សេត្រសាស្ត្រ និងការគ្រប់គ្រងទិន្នន័យកសិកម្ម ត្រូវយកមកធ្វើការបកស្រាយ និងតម្រង់ទិសដល់អង្គប្រជុំទាំងមូលដើម្បីធានាបាននូវការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាព៕
ដោយ ទិត ស្រ៊





