អង្គសន្និបាតក្រសួងអប់រំបានកត់សម្គាល់ពីវឌ្ឍនភាពជាបន្តបន្ទាប់នៃកំណែទម្រង់វិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា សន្និបាតអប់រំឆ្នាំនេះ បានការគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលទាំងបរិមាណវិស័យ និងគុណវិស័យនៅគ្រប់កម្រិត និងគ្រប់ការដ្ឋានកំណែទម្រង់វិស័យអប់រំ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះមានជាអាទិ កំណើនសិស្សចូលរៀននៅគ្រប់កម្រិត លទ្ធផលសិក្សារបស់សិស្សនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ការអនុវត្តស្តង់ដាសាលារៀនគំរូ សាលារៀនជំនាន់ថ្មី ការសាកល្បងអនុវត្តគន្លងអប់រំថ្មី ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការកែលម្អប្រព័ន្ធអេកូស៊ីស្ទែមនៃប្រព័ន្ធអប់រំសម្រាប់គាំទ្រការសិក្សាក្នុងបរិបទឌីជីថល។ល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ រយៈពេល៣ថ្ងៃលើប្រធានបទ៖ “គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់" ដែលបានបិទបញ្ចប់ដោយជោគជ័យកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអង្គសន្និបាតបានកត់សម្គាល់ពីវឌ្ឍនភាពជាបន្តបន្ទាប់នៃកំណែទម្រង់វិស័យអប់រំ រួមមាន ការអនុវត្តស្តង់ដាសាលារៀនគំរូ ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កម្មវិធីសាលារៀនជំនាន់ថ្មី ការសាកល្បងអនុវត្តគន្លងអប់រំថ្មី ការអប់រំឌីជីថល ការកែលម្អប្រព័ន្ធអេកូស៊ីស្ទែមនៃប្រព័ន្ធអប់រំ និងកំណែទម្រង់សាលាគរុកោសល្យ ដែលសុទ្ធសឹងជាមូលដ្ឋានគ្រឹះ និងជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងភាពធន់ និងជាគ្រឹះអភិវឌ្ឍសម្រាប់ឈានទៅអភិវឌ្ឍអនុវិស័យឧត្តមសិក្សា។

ជាមួយគ្នានេះ ការគាំទ្រដល់សិស្សពូកែ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា ការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងការបង្រៀន និងរៀន និងកំណែទម្រង់ឧត្តមសិក្សា គឺជាគន្លឹះដ៏សំខាន់សម្រាប់ការបណ្តុះមូលធនមនុស្សឱ្យឆ្លើយតបនឹងតម្រូវការសង្គម សេដ្ឋកិច្ច និងទីផ្សារការ ងារក៏ដូចជាសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយប្រទេសក្នុងតំបន់ផងដែរ។

សូមជម្រាបជូនថា ក្នុងសន្និបាតនេះ លោកបណ្ឌិត Will Park នាយកយូនីសេហ្វប្រចាំកម្ពុជាបានបង្ហាញពីការគាំទ្រ និងបានលើកឡើងនូវសមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងលទ្ធផលរបស់កម្ពុជានៅក្នុងតេស្តរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សបឋមសិក្សាកម្រិតតំបន់ SEA-PLM ដោយលោកបានលើកឡើងថា សិស្សកម្ពុជាទទួលបានលទ្ធផលល្អប្រសើរ ដែលមិនគ្រាន់តែជាការកើនឡើងពិន្ទុអំណាន និងគណិតវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសន្ទុះកំណើនមួយដ៏លឿនដែលបានគាំទ្រដោយកំណែទម្រង់គ្រូបង្រៀន ការផ្តល់អាហារតាមសាលារៀន ការអប់រំឌីជីថល និងការកសាងបាននូវប្រព័ន្ធអប់រំដែលមានភាពធន់នៅពេលមានវិបត្តិ និងការបង្កើនសមធម៌ និងបរិយាបន្ននៅក្នុងការផ្តល់សេវាអប់រំផងដែរ៕
ដោយ៖ ចាន់ សុភឿន





