កម្ពុជា ពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ដោយអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានដាក់ដំណើរការសេវាកម្មធ្វើតេស្តថ្មីៗ សម្រាប់ផលិតផលកសិកម្ម ដែលអនុញ្ញាតឱ្យអ្នកនាំចេញផលិតផលអាហារកម្ពុជា អាចយកផលិតផលរបស់ខ្លួនមកធ្វើការវិភាគកម្រិតខ្ពស់នៅមន្ទីរពិសោធន៍នៅក្នុងប្រទេសផ្ទាល់ ដើម្បីបំពេញលក្ខខណ្ឌតម្រូវការរបស់ទីផ្សារអន្តរជាតិធំៗ។

យោងតាមស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា អ្នកផលិតអង្ករ និងម្រេច ដែលជាផលិតផលកសិ-ចំណីអាហារនាំចេញដ៏សំខាន់របស់កម្ពុជា ឥឡូវនេះ អាចមានជម្រើសធ្វើតេស្តនៅក្នុងប្រទេស ដើម្បីទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017។

ប្រភពដដែលបានឱ្យដឹងថា ការធ្វើតេស្តនេះ អាចជួយកាត់បន្ថយការចំណាយទៅលើការធ្វើតេស្ត និងរយៈពេលរង់ចាំលទ្ធផល ព្រមទាំងកាត់បន្ថយហានិភ័យនៃការចម្លងមេរោគផ្សេងៗ កំឡុងពេលផ្ញើសំណាក។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានដំឡើងឧបករណ៍ធ្វើតេស្តលើសំណល់ថ្នាំកសិកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងចុងក្រោយរួមមាន៖ Agilent 6495D Triple Quadrupole LC/MS និង Agilent 7010C Triple Quadrupole GC/MS។ ឧបករណ៍ទាំងពីរនេះ មានសមត្ថភាពខ្ពស់ក្នុងការរកឃើញសំណល់ថ្នាំកសិកម្ម ក្នុងកម្រិតទាបបំផុត និងប្រកបដោយភាពជាក់លាក់ ដែលស្របតាមស្តង់ដារអូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

លោកសាស្រ្តាចារ្យ André Spiegel នាយកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឱ្យដឹងថា៖ «សមិទ្ធផលនេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ក្នុងការផ្តល់សេវាមន្ទីរពិសោធន៍ដែលមានគុណភាពខ្ពស់។ វាជួយពង្រឹងសមត្ថភាពរបស់យើង ក្នុងការការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងគាំទ្រវិស័យកសិ-ចំណីអាហាររបស់កម្ពុជា ដែលអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ ព្រមទាំងផ្តល់ជាប្រយោជន៍ទៅដល់អ្នកផលិត និងអ្នកប្រើប្រាស់ក្នុងស្រុក»។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ Spiegel ក៏បានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈភាពជាដៃគូកម្ពុជា អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ចំពោះការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា «ការពង្រីកវិសាលភាពនៃការទទួលស្គាល់ការធ្វើតេស្តនៃមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួយពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់កម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អាជីវកម្មកសិ-ចំណីអាហារ។ អូស្ត្រាលីរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលជំរុញឱ្យមានកំណើននាំចេញ អភិវឌ្ឍបន្ថែមលើវិស័យកែច្នៃកសិផលដែលមានសក្តានុពលខ្ពស់ និងពង្រឹងសមាហរណកម្មកម្ពុជានៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក»។
លោក រុណ រស្មី ប្រធានគ្រប់គ្រងគុណភាព សុខភាព សុវត្ថិភាព និងបរិស្ថាន នៅក្រុមហ៊ុន FEDRICE និងបច្ចុប្បន្នជាអតិថិជនរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានឱ្យដឹងថា៖ «នេះជាព័ត៌មានដ៏ល្អសម្រាប់អ្នកនាំចេញកសិ-ចំណីអាហារកម្ពុជា។ កាលពីមុន ខ្ញុំតែងតែផ្ញើសំណាកទៅក្រៅប្រទេស ដើម្បីធ្វើតេស្តឱ្យស្របតាមលក្ខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ។ ឥឡូវនេះ នៅពេលដែលមានសេវាកម្មនេះនៅក្នុងប្រទេស យើងអាចនាំចេញបានកាន់តែមានប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននាំចេញផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ក៏នឹងអាចទទួលបានអត្ថប្រយោជន៍ដូចគ្នានេះផងដែរ»។
គួរបញ្ជាក់ដែរថា គិតត្រឹមចុងឆ្នាំ២០២៥ មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពអាហារនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានការទទួលស្គាល់ជាផ្លូវការតាមស្តង់ដារ អន្តរជាតិ ISO/IEC 17025:2017 សម្រាប់ ការធ្វើតេស្តមីក្រូជីវសាស្ត្រក្នុងអាហារ និងទឹក, ការធ្វើតេស្តលោហៈធ្ងន់ក្នុងទឹក និងការធ្វើតេស្តសំណល់ថ្នាំកសិកម្មក្នុងអាហារ ដូចជាម្រេច និងអង្ករ។ ជាមួយគ្នានេះ ការពង្រីកសេវាកម្មធ្វើតេស្តលើសំណល់ថ្នាំកសិកម្មក្នុងគ្រាប់ស្វាយចន្ទី ផ្លែឈើ និងដំណាំផ្សេងៗ បន្ថែមទៀត នឹងគ្រោងធ្វើឡើងក្នុងឆ្នាំ២០២៦៕
ដោយ៖ ស្រីពេជ្រ





