អង្គការ World Vision នាំយកនូវសម្ភារថែរក្សាអនាម័យ ជូនគ្រួសារកំពុងស្នាក់នៅជំរំភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦-- អង្គការទស្សនៈពិភពលោក World Vision ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន យូនីលីវី កម្ពុជា និងក្រោមកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយកនូវសម្ភារថែរក្សាអនាម័យ និងសុខភាពចាំបាច់សម្រាប់គ្រួសារភៀសសឹកចំនួន ១ ២០០ គ្រួសារ ដែលកំពុងស្នាក់នៅជំរំភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ។

កញ្ចប់សម្ភារអនាម័យដែលអង្គការ World Vision និងក្រុមហ៊ុន យូនីលីវី កម្ពុជា ប្រគល់ជូនគ្រួសារនីមួយៗ រួមមាន ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ សាប៊ូកក់សក់បុរស សាប៊ូកក់សក់នារី សាប៊ូដុសខ្លួន សាប៊ូបោកសម្លៀកបំពាក់ សាប៊ូលាងចាន និងម្សៅស៊ុប ដែលសុទ្ធតែជារបស់ចាំបាច់ដែលជួយគាំទ្រដល់សុខភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពគ្រួសារប្រចាំថ្ងៃ។
អង្គការទស្សនៈពិភពលោក World Vision សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន យូនីលឹវី កម្ពុជា ដែលចូលរួមជួយដល់សហគមន៍ ជាពិសេសឈរជាមួយពួកគាត់ក្នុងគ្រាដ៏លំបាកនេះ៕


ដោយ ណយ នឿន (ប្រភព៖ World Vision)





