លោកជំទាវ ឡាយ វីរៈបុត្រ ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦-- លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសគម្រោង កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង សហការជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB) រយៈពេល៣ថ្ងៃ គឺថ្ងៃទី០៩-១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលមកដល់បច្ចុប្បន្ន។

ជាលទ្ធផល៖ ១. ខេត្តកំពង់ចាម (CW2) មានចំនួន៧ខ្សែ ប្រវែងសរុប៧៥,៣០គ.ម និងសំណង់សិល្បការ្យមួយចំនួន សម្រេចបាន ១០០% និងពិនិត្យលើសុពលភាពដែលនឹងបញ្ចប់នាចុងខែកុម្ភៈ ២០២៦។ ២. ខេត្តត្បូងឃ្មុំ (CW3) មានចំនួន ៦ខ្សែ ប្រវែងសរុប ៧៦,៧៤ គ.ម និងសំណង់សិល្បការ្យមួយចំនួន សម្រេចបាន ៩៣,៩៤%។ ៣. ខេត្តក្រចេះ (CW1-Lot2) មានចំនួន៦ខ្សែ ប្រវែងសរុប ៥៨,៣០គ.ម និងសំណង់សិល្បការ្យមួយចំនួន សម្រេចបាន៩០,២៤%។ ខេត្តក្រចេះ (CW1-Lot1) មានចំនួន៨ខ្សែ ប្រវែងសរុប៧២,៩០គ.ម និងសំណង់សិល្បការ្យមួយចំនួន សម្រេចបាន ២៧% ។


ថ្នាក់ដឹកនាំគម្រោង និងក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក (WB) បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួននូវចំនុចខ្វះខាតដល់ក្រុមហ៊ុនអ្នកទទួលការសាងសង់ និងទីប្រឹក្សាបច្ចេកទេស សំដៅធានាបានប្រសិទ្ធភាព និងការអនុវត្តគម្រោងឲ្យទាន់ផែនការដែលបានគ្រោងទុក៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





