សម្ដេចធិបតី៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងភរិយា នារសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ។
នាឱកាសនោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា«រាជរដ្ឋាភិបាល យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី ចងចាំ និងដឹងគុណបំផុតចំពោះការលះបង់ដេីម្បីបុព្វហេតុការពារជាតិ»។
ជាមួយគ្នានេះ សម្ដេចក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលេីជីវភាព, ការសិក្សារបស់កូនចៅបន្ត និងការស្តារឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហរគ្រួសារក្នុងការការពារទឹកដីយេីង។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចសូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ តាមរយៈវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម និងផ្តល់វីរភាពដ៏ល្អ ស្មោះត្រង់ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ និងប្រជាជនកម្ពុជា៕


ដោយ៖ គង់ សិរីរ័ត្ន





