ក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ជើងឯកថ្នាក់ជាតិកីឡាលើកទម្ងន់ ប្រចាំឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦--ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ ពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ ខណៈក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសមាគមក្លឹបចូលរួមសរុបចំនួន៩។

ក្រសួងការពារជាតិ ដែលឈរលេខ១ ដណ្តើមបានមេដាយសរុប៧គ្រឿង (មាស៤ ប្រាក់២ និងសំរឹទ្ធ១) ក្រសួងមហាផ្ទៃ លេខ២ មេដាយសរុប ៤គ្រឿង (មាស១ ប្រាក់២ និងសំរឹទ្ធ១) ខណៈខេត្តកណ្តាល លេខ៣ និងខេត្តបាត់ដំបង លេខ៤ ទទួលបានមេដាយមាស១ និងប្រាក់១គ្រឿងដូចគ្នា។

ថ្លែងក្នុងឱកាសបិទការរប្រកួត កាលពីល្ងាចម្សិលមិញ ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) លោក ឈុំ វាសនា អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាតំណាងឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានលើកឡើងថា សហព័ន្ធពិតជាមានសេចក្តីរីករាយ ដោយបានរៀបចំការប្រកួតជើងឯកថ្នាក់កីឡាលើកទម្ងន់នេះ ដែលជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍។ សហព័ន្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភជាថវិកាផ្ទាល់ក្នុងផែនការប្រចាំឆ្នាំ២០២៥ ការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសហ្វឹកហាត់ ប្រកួត ស្មារតី ផ្នែកច្បាប់ បញ្ញត្តិ និងបទដ្ឋានបច្ចេកទេសពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាលើកទម្ងន់ពិភពលោក និងអាស៊ី និងការគាំទ្រផ្នែកថវិកាសម្ភារមួយចំនួនពីក្រុមហ៊ុនដៃគូឧបត្ថម្ភគាំទ្រ។

លោក ឈុំ វាសនា បន្ថែមថា តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះបានសង្កត់ធ្ងន់ពីការរៀបចំប្រកបដោយជោគជ័យ និងទំនុកចិត្តដ៏ខ្ពស់ពីសហព័ន្ធកីឡាលើកទម្ងន់ពិភពលោក អាស៊ី អាស៊ីអាគ្នេយ៍ ពិសេសក្រសួងអប់រំ យុវជន និងកីឡា។ នេះគឺជាកម្លាំងរុញច្រានបន្ថែមទៀត ដែលធ្វើឱ្យសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាមានឆន្ទៈ ក្នុងការបន្តសកម្មភាពប្រឹងប្រែងកសាងសមត្ថភាពបន្ថែមមន្ត្រីបច្ចេកទេសជំនាញយកមកអនុវត្ត នាពេលនេះ។

កីឡាគឺជាការទូតនៃការទំនាក់ទំនងដ៏ល្អប្រសើរមួយដែលមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរស ជនជាតិ ជំនឿ ប្រពៃណី សាសនា និងជាសកម្មភាពនៃចំណងសាមគ្គីភាពគ្រប់ប្រទេស តំបន់ និងសកលលោក។ បាវចនា កីឡាបានផ្តោតលើការលើកទឹកចិត្ត ការធ្វើការជាក្រុម និងឆ្ពោះទៅមុខឥតដែនកំណត់ ដូចជា “លឿនជាងមុន ខ្ពស់ ជាងមុន ខ្លាំងជាងមុន និងជាមួយគ្នា” ដោយ “មិនដោះស្រាយ” និង “ទុកវាចោលទាំងអស់នៅលើទីលាន”។ ឃ្លាទាំងនេះជំរុញអត្តពលិកឱ្យហ្វឹកហាត់កាន់តែខ្លាំង រក្សាវិន័យ និងសម្រេចបានជ័យជម្នះតាមរយៈការលះបង់។ ទន្ទឹមនេះកីឡាជំនាញមួយត្រូវប្រកបដោយបច្ចេកទេសខ្ពស់ វិជ្ជាជីវៈជំនាញច្បាស់លាស់ មានស្តង់ដារតែ១ មានតម្លាភាព សមភាព យុត្តិធម៌ និងមិនលម្អៀង ទើបធ្វើឱ្យការប្រកួតមួយទទួលបានជោគជ័យ និងគ្មានការរំខាន។
បន្ថែមពីលើនេះ តំណាងប្រធានសហព័ន្ធរូបនេះសង្កត់ធ្ងន់ថា ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅល្អប្រសើរ និងសម្រេចបានតាមផែនការអភិវឌ្ឍរបស់សហព័ន្ធកីឡាលើកទម្ងន់ឆ្នាំ២០២៦-២០២៩ នៃផែនការអភិវឌ្ឍអនុវិស័យអប់រំនិងកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធស្នើសុំប្រតិភូតំណាងក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ជួយបណ្តុះបណ្តាល និងគាំទ្រដល់មន្ត្រី បុគ្គលិក សិស្សានុសិស្ស ដែលស្រឡាញ់ចូលចិត្តចូលរួមបានច្រើន និងហ្វឹកហាត់ជាប្រចាំ ហើយបើអាចចូលរួមធ្វើសំយោគ (Assessment Test) រយៈពេល៣ខែម្តងរបស់សហព័ន្ធ ដើម្បីបង្កើនបច្ចេកទេស និងវាស់ស្ទង់សមត្ថភាព ព្រមទាំងបន្តគាំទ្រចូលរួមលើកកម្ពស់ ចែករំលែក និងជ្រើសរើសអ្នកជំនាញមកបណ្តុះបណ្តាលការងារបច្ចេកទេស និងគ្រូបង្វឹក អត្តពលិក ដើម្បីចូលរួមបានច្រើនបន្ថែមទៀត៕
ដោយ ហេង ណាលីន





