ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ អាស៊ានត្រូវតែដោះស្រាយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងផ្ទៃក្នុង ការប្រែប្រួលបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា មូលបទ និងអាទិភាពរបស់ហ្វីលីពីនគឺមានលក្ខណៈទាន់សភាពការណ៍និងមានភាពពាក់ព័ន្ធ ក្នុងខណៈពេលដែលគ្រឹះនៃសន្តិភាព និងវិបុលភាពក្នុងតំបន់កំពុងត្រូវបានសាកល្បងដោយបញ្ហាប្រឈមដែលស្មុគស្មាញ និងមានភាពប្រទាក់ក្រឡាគ្នាជាច្រើន។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។

ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបានជម្រាបជូនកិច្ចប្រជុំអំពីអាទិភាព និងសមិទ្ធផលគ្រោងទុក សំខាន់ៗរបស់ខ្លួនក្នុងឆ្នាំ២០២៦ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។ ប្រទេសសមាជិក អាស៊ានទាំងអស់បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបាននូវអាទិភាព យុទ្ធសាស្ត្រសំខាន់ៗចំនួនបី រួមមាន៖ គ្រឹះសន្តិភាព និងសន្តិសុខ ច្រកនៃវិបុលភាព និងការពង្រឹងអំណាច ដល់ប្រជាជន។ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការកសាងអាស៊ានមួយដែលប្រកប ដោយភាពធន់ នវានុវត្តន៍ ស្វាហាប់ និងផ្តោតលើប្រជាជន ស្របតាមគោលដៅអាស៊ាន២០៤៥៖ អនាគត រួមរបស់យើង ព្រមទាំងបានគូសបញ្ជាក់ពីតម្រូវការក្នុងការប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាសកម្មភាពជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍ជាក់លាក់សម្រាប់ប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា«ដូច្នេះ អាស៊ានត្រូវតែដោះស្រាយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងផ្ទៃក្នុង ការប្រែប្រួលបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ហានិភ័យអាកាសធាតុ និងការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ចដ៏ធំ»។

នៅក្នុង បរិបទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងអាទិភាពបី។ ទីមួយ ការពង្រឹងពាណិជ្ជកម្ម និង វិនិយោគនៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅនៅតែមានសារៈសំខាន់ចំពោះវិបុលភាពរួម រួមទាំងតាម រយៈការធ្វើទំនើបកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់។ ទីពីរ អាស៊ានត្រូវពង្រឹងការតភ្ជាប់ ក្នុងតំបន់ និងជំរុញការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន។ ទីបី អាស៊ានត្រូវពង្រឹងអំណាចសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈការកសាងសមត្ថភាព ការកែលម្អការទទួលបានហិរញ្ញវត្ថុ និងការទទួល យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង ដោយធានាថា ប្រជាជនអាស៊ាន ទទួលបានអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ និងវិស័យដែលមានកំណើនថ្មីៗ។ ពាក់ ព័ន្ធនឹងភាពជាដៃគូថ្មី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្រជាបន្តបន្ទាប់របស់កម្ពុជា ចំពោះការដាក់ពាក្យសុំរបស់ប្រទេសតួតគឺយ៉េ ជាដៃគូសន្ទនាអាស៊ានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
កិច្ចប្រជុំបានពិភាក្សាអំពីតម្រូវការក្នុងការពង្រឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន មានលក្ខណៈ ស៊ីសង្វាក់ មានគោលការណ៍ និងយុទ្ធសាស្ត្រ ដែលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹង ប្រែងកសាងសហគមន៍អាស៊ាន។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាថា ទំនាក់ទំនងនេះ ស្របនឹងអាទិភាពរបស់អាស៊ាន ឆ្លើយតបទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមាន និងគាំទ្រ ដល់តំបន់និយម ពហុភាគីនិយម និងមជ្ឈភាពអាស៊ាន។
កិច្ចប្រជុំក៏បានគូសបញ្ជាក់ថា ការប្រាស្រ័យ ទាក់ទងជាមួយដៃគូខាងក្រៅទាំងអស់គួរតែផ្តោតលើផលប្រយោជន៍ទៅវិញទៅមក ផ្តល់អត្ថប្រយោជន៍ ជាក់លាក់ដល់តំបន់ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
ទន្ទឹមនេះ កិច្ចប្រជុំបានកត់សម្គាល់បន្ថែមទៀតអំពីឯកសារវាយតម្លៃស្តីពីភាពជាដៃគូផ្លូវការរបស់អាស៊ាន ដែលរៀបចំ ដោយលេខាធិការដ្ឋានអាស៊ាន ដែលរួមមានអនុសាសន៍ដើម្បីសម្រេចអំពីអនាគតនៃការដាក់បម្រាមលើការទទួលភាពជាដៃគូសន្ទនាថ្មីៗ នៅត្រឹមឆ្នាំ២០២៦។
សូមរម្លឹកជូនថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន៕
ដោយ៖ គង់ សិរីរ័ត្ន





