អាជ្ញាធរខេត្តបន្ទាយមានជ័យចុះពិនិត្យការរៀបចំមណ្ឌលភៀសសឹក និងជំរុញការបង្កើតកសិដ្ឋានចិញ្ចឹមទាយកពង ដើម្បីទ្រទ្រង់ជីវភាពពលរដ្ឋនៅវត្តកណ្តោល
AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦-- ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រួមជាមួយលោក យង់ យឺន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួក និងលោក អែម សុខា អភិបាលស្រុកថ្មពួក បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការរៀបចំមណ្ឌលភៀសសឹក និងវឌ្ឍនភាពការងារក្នុងស្រុកថ្មពួក។

ក្នុងការចុះពិនិត្យមណ្ឌលភៀសសឹក និងការផ្គត់ផ្គង់ស្បៀង ថ្នាក់ដឹកនាំបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវទីតាំងមណ្ឌលភៀសសឹក ស្ថិតក្នុងវត្តកណ្តោល ដើម្បីធានាថាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខមានភាពល្អប្រសើរសម្រាប់បងប្អូនប្រជាពលរដ្ឋស្នាក់នៅ។ អ្វីដែលជាចំណុចពិសេស គឺការរៀបចំឱ្យមាន កសិដ្ឋានចិញ្ចឹមសត្វទាយកពង នៅក្នុងទីតាំងនោះតែម្តង។ កសិដ្ឋានចិញ្ចឹមទា យុទ្ធសាស្ត្របង្កើនសន្តិសុខស្បៀង គម្រោងចិញ្ចឹមទាយកពងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្គត់ផ្គង់ស្បៀងអាហារផ្តល់ស៊ុតទាដែលមានជីវជាតិដល់ប្រជាពលរដ្ឋភៀសសឹកប្រចាំថ្ងៃ។ កាត់បន្ថយការចំណាយ កាត់បន្ថយបន្ទុកនៃការទិញស្បៀងពីខាងក្រៅ។ បង្កើនជំនាញផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរៀនសូត្រពីបច្ចេកទេសចិញ្ចឹមសត្វ ដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា គម្រោងមនុស្សធម៌ដ៏សំខាន់នេះ ទទួលបានការឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងពី អង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) ដែលជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា។

នាឱកាសនោះ លោក ជា យុទ្ធារុណ និងលោក អែម សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូ និងបានលើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តតាមដានបច្ចេកទេសចិញ្ចឹមសត្វឱ្យបានដិតដល់ ដើម្បីធានាថាទាមានសុខភាពល្អ និងផ្តល់ទិន្នផលខ្ពស់។ លោកក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំថែរក្សាសុខភាព និងរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យមាននិរន្តរភាព។

សកម្មភាពនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ដែលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងស្ថានភាពលំបាកនៃការភៀសសឹកនេះ៕
ដោយ ឈុន សារ៉ាត





