ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់កងទ័ពជួរមុខ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦-- ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិតជូនដល់លោក ព្រិន្ទបាលឯក រឿន ដារ៉ូ វីរកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតស្ថិតនៅភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ អមដំណើដោយនាយទាហាន នាយទាហានរង អភិបាលខេត្ត អភិបាលស្រុក លោកមេឃុំ និងលោកមេភូមិផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានពាំនាំនូវការសួរសុខទុកពីសម្ដេចបវរធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវ ដល់បងប្អូនកងទ័ព បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីលះបង់ ការពារនូវបូរណភាពទឹកដីពីការឈ្លានពានដែលបង្កឡើងពីទង្វើទុច្ចរិត និងមហិច្ចតារបស់ថៃមកលើកម្ពុជាយើង។ រាជរដ្ឋភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាពដល់បងប្អូនគ្រួសារកងទ័ព ប្រជាពលរដ្ឋភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន តែប្រែក្លាយជាទីតាំងផុយស្រួយ បណ្តាលមកពីសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ដើម្បីរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគោរពចងចាំមិនភ្លេច និងថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរយុទ្ធជន វីរនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីរបស់យើង។ បងប្អូនប្រជាពលរដ្ឋ អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ បានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងចិត្តនិងសម្ភារៈផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ដល់គ្រួសារកងទ័ព ជនភៀសឹក និងពលរដ្ឋងាយរងគ្រោះជាដើម។ ការរៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ នេះជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ។

ថ្លែងក្នុងបរិបទនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ត្រី នាយទាហាន និងមន្ត្រីអំដំណើរបាននាំយកអំណោយរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ជូនដល់វីរកងទ័ព ក្នុងនោះអង្ករ៥០គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មុង០១ ទឹកសុទ្ធ៥យួរ អំបុក៥គីឡូក្រាម និងស័ង្កសី១០០សន្លឹក ស៊ីម៉ង់ត៍១០ការ៉ុង និងថវិកាមួយចំនួន សម្រាប់សង់ផ្ទះផងដែរ៕
ដោយ បៃ ស៊ីថុន





