ជំនួបពិភាក្សាការងារលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ជាមួយសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា នៃប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានដឹកនាំកិច្ចទទួលជួបពិភាក្សាជាមួយ ប្រតិភូសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា នៃប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្នុងគោលបំណងជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងវិស័យសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសុខាភិបាល ក្នុងគោលបំណងផ្លាស់ប្តូរយោបល់អំពីទិសដៅ គោលការណ៍ និងវិសាលភាព នៃកិច្ចសហប្រតិបត្តិការ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពសហប្រតិបត្តិការ លើវិស័យអាទិភាព រួមមាន ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ អ្នកជំនាញ ការគាំទ្របច្ចេកទេសនៅតាមមន្ទីរពេទ្យ និងពង្រឹងសមត្ថភាព ធនធានមនុស្សសុខាភិបាល និងការសិក្សាលទ្ធភាពវិនិយោគក្នុងវិស័យសុខាភិបាល ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ និងការបេជ្ញាចិត្តរបស់សមាគមមិត្តភាពកម្ពុជា–ហ្វូគូស៊ីម៉ា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួង ចំពោះសកម្មភាព ក្រោមកិច្ចសហប្រតិបត្តិការដែលមានគោលបំណងរួមចំណែក ដល់ការលើកកម្ពស់គុណភាព សេវាសុខាភិបាល និងសុខភាពសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តការពិភាក្សាលម្អិត និងសិក្សាលទ្ធភាពរៀបចំកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនាពេលខាងមុខ ដើម្បីធានាឱ្យការអនុវត្តមានប្រសិទ្ធភាព ចីរភាព និងស្របតាម អាទិភាពអភិវឌ្ឍវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





