អភិបាលខេត្តកំពង់ធំជំរុញឱ្យមានការអភិវឌ្ឍវិស័យអប់រំកាន់តែមានប្រសិទ្ធភាព និងស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យមានការអភិវឌ្ឍវិស័យអប់រំកាន់តែមានប្រសិទ្ធភាព និងស្របតាមបរិការណ៍នៃសង្គមនិងសេដ្ឋកិច្ចបែបថ្មី។ ឯកឧត្តមបានជំរុញដូចនេះក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៤- ២០២៥ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៥-២០២៦នៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរក្រុង ស្រុកតំណាងអង្គការដៃគូអភិវឌ្ឍន៍វិស័យអប់រំ និងលោកគ្រូ អ្នកគ្រូ ជាច្រើននាក់។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានធ្វើរបាយការណ៍ពីលទ្ធផលនៃអង្គសន្និបាត ដោយបានបញ្ជាក់ថា ឆ្នាំសិក្សា២០២៤-២០២៥ មន្ទីរអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការដៃគូក្នុងការកៀរគរសម្ភារសិក្សា ដើម្បីផ្តល់ដល់កុមារ និងសិស្សភៀសសឹកដែលបានភៀសខ្លួនពីតំបន់ជម្លោះនៅតាមព្រំដែនបានមកសិក្សារៀនសូត្រនៅខេត្តកំពង់ធំ។ ម៉្យាងទៀតជាមោទនភាពនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ យើងទទួលបានជ័យលាភីស្តង់ដាសាលារៀនគំរូ ចំនួន១៦សាលា(មត្តេយ្យ ១ សាលា បឋមសិក្សា ៨ សាលា អនុវិទ្យាល័យ ១ សាលា និងវិទ្យាល័យ ៦ សាលា)។ អង្គសន្និបាតបានដាក់ចេញនូវយុទ្ធសាស្រ្តមួយសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះគឺ "ពង្រឹងអភិបាលកិច្ច ឆ្ពោះទៅសម្រេចស្តង់ដាសាលារៀនគំរូ"។

ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរក្នុងការងារអភិវឌ្ឍវិស័យអប់រំកន្លងមក តាមរយៈរបាយកាណ៍បូកសរុបលទ្ធផលសន្និបាត របស់លោកប្រធានមន្ទីរបានបង្ហាញពីលទ្ធផលការងារក្នុងឆ្នាំសិក្សា ២០២៤-២០២៥ កន្លងមកនេះដែលសមិទ្ធផលទាំងអស់នេះក៏បានឆ្លុះបញ្ចាំងពីការរីកចម្រើនទាំងគុណភាព និងបរិមាណដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តកំពង់ធំនិងជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលដែលមានវិស័យអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមបានបន្តថា ដើម្បីឱ្យការអភិវឌ្ឍវិស័យអប់រំកាន់តែមានប្រសិទ្ធភាពនិងស្របតាមបរិការណ៍នៃសង្គមនិងសេដ្ឋកិច្ចបែបថ្មីមន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរអប់រំ យុវជននិងកីឡាត្រូវតែអនុវត្តផែនការជាអាទិភាព មួយចំនួនសម្រាប់ជាមូលដ្ឋានរួមមាន៖ ១. ត្រូវបង្កើនការប្រមូលកុមារ ដែលមានអាយុពី៣ឆ្នាំដល់៥ឆ្នាំ ឱ្យបានចូលរៀនមត្តេយ្យ សិក្សាជាអតិបរមាតាមគ្រប់រូបភាព ដែលអាចធ្វើទៅបាន។ ២. ត្រូវប្រមូលកុមារដែលបោះបង់ការសិក្សាទាំងនៅបឋមសិក្សានិងមធ្យមសិក្សាឱ្យបានចូលរៀនឡើងវិញដោយបណ្តុះបណ្តាលពួកគេឱ្យមានជំនាញវិជ្ជាជីវៈនិងបំណិន ជីវិតផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។ ៣. ខិតខំជំរុញបន្ថែមលើការងារបច្ចេកទេសបង្រៀន រៀននិងការអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យានៅគ្រប់ភូមិសិក្សាដើម្បីធានាគុណភាពអប់រំនៅកម្ពុជាឱ្យបានស្របតាមកម្មវិធីអប់រំក្នុងតំបន់និងសកលលោក។ ៤. ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថានសាលារៀនដើម្បីឱ្យក្លាយជាទីមេត្រីដល់កុមារទាំងអស់បានចូលរៀននៅបឋមសិក្សានិងចូលរៀនកាន់តែច្រើនឡើងនៅថ្នាក់មធ្យមសិក្សាតាមរយៈការសាងសង់សាលារៀនភ្ជាប់ជាមួយនឹងបរិក្ខារសិក្សា សំណង់ ទឹកស្អាត បង្គន់អនាម័យ ធានាបាននូវសុខុមាលភាពយ៉ាងសុខដុមរមនាដល់ក្មួយៗ សិស្សានុសិស្ស។ ៥. ត្រូវពង្រឹងនិងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតសិក្សាជាពិសេស ការអនុវត្តឱ្យបានសម្រេចតាមគ្រប់រូបភាពនូវស្តង់ដាសាលារៀនគំរូដើម្បីធានាបាននូវការបម្រើសេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាពដល់មូលដ្ឋាន។ ៦. ត្រូវអភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនដើម្បីឈានទៅសម្រេចបាននូវគុណភាពអប់រំ ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សា។ ៧. ត្រូវពង្រឹងការងារអភិបាលកិច្ច ឱ្យបានគ្រប់ជ្រុងជ្រោយដល់គ្រប់គ្រឹះស្ថានសិក្សា។ ៨. ត្រូវពង្រឹងការអនុវត្តកម្មវិធីសិក្សាក្រៅម៉ោងដើម្បីធានាបាននូវចំណេះដឹង វិន័យសីលធម៌ និងឥរិយាបថរបស់សិស្សជាវិជ្ជមាន។ ៩. ត្រូវបន្តការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារនិងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀនជាប្រចាំ។ ១០. ត្រូវកៀរគរសហគមន៍ អាជ្ញាធរដែនដីមាតាបិតាអង្គការដៃគូអភិវឌ្ឍនានាដើម្បីចូលរួមក្នុងការកែលម្អរនិងអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើន ស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងតំបន់និងពិភពលោក។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ គ្រូបង្រៀននិងបុគ្គលិកសិក្សាទាំងអស់នៅទូទាំងខេត្តកំពង់ធំ អាជ្ញាធរដែនដី ព្រមទាំងអង្គការជាតិ-អន្តរជាតិ និងសប្បុរសជនទាំងអស់ សូមបន្តផ្តល់ការឧបត្ថម្ភគាំទ្រនិងកិច្ចសហការជាមួយគ្នាបន្តទៀតក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅខេត្តកំពង់ធំ៕
ដោយ ស៊ុម វណ្ណា





