ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួម
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- «ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅនេះ ជាពិសេសទាក់ទងនឹងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី»។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ តាមសេចក្តីប្រកាសព័ត៌មាននោះថា សកម្មភាពបែបនេះងាយនឹងបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីវិលទៅរកប្រក្រតីភាព និងស្តារសន្តិភាពឡើងវិញ។
បើតាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៅខណៈពេលនៃកិច្ចប្រជុំនេះ ប្រជាពលរដ្ឋកម្ពុជាចំនួន ៩,៦៣៥ នាក់ មកពី ២,៤៤៨ គ្រួសារ នៅតែមិនអាចត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបាននៅឡើយ ដែលនេះជាការព្រមព្រៀងមួយ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តនៅក្នុងសេចក្តីប្រកាសរួមជាមួយគ្នា ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិនអាចចូលបានដោយមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើ ឬបំផ្លាញ។ ជាលទ្ធផល ពួកគេ បន្តរស់នៅក្នុងជំរំភៀសសឹកបណ្តោះអាសន្ន ហើយកុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំ និង ស្មោះត្រង់ក្នុងការរក្សា និងអនុវត្តបទឈប់បាញ់ និងសេចក្តីប្រកាសរួមទាំងស្រុង ដោយសង្ឃឹមយ៉ាងមុតមាំថា វានឹងមិនត្រឹមតែបញ្ចប់អរិភាព និងស្តារឡើងវិញនូវភាពស្ងប់ស្ងាត់ និងប្រក្រតីភាពតាមព្រំដែនប៉ុណ្ណោះទេ ថែមទាំងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដើម្បីឱ្យប្រជាជនទាំងពីររស់នៅក្បែរគ្នាប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហការីអាស៊ាន បន្តគាំទ្រការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិ-សញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោលការណ៍ជាមូលដ្ឋាននៃការមិនប្រើប្រាស់កម្លាំងប្រឆាំង នឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ ដើម្បីឱ្យសន្តិភាព និងស្ថិរភាពអាចកើតមានមិនត្រឹមតែរវាងកម្ពុជា និង ថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់របស់យើងទាំងមូល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរម្តងហើយម្តងទៀតចំពោះអភិបាលកិច្ចសកលនិងច្បាប់អន្តរជាតិ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនៅក្នុងទំនាក់ទំនងរវាងរដ្ឋកំពុងកើនឡើង ដែលបណ្តាលឱ្យហានិភ័យនៃការកើនឡើងនូវផ្នត់គំនិតដែលថា «អ្នកខ្លាំង គឺត្រឹមត្រូវ» អាចក្លាយជារឿងធម្មតា។ ក្នុងនាមជាតំបន់មួយដែលឱ្យតម្លៃខ្ពស់ដល់សន្តិភាពដែលទទួល បានយ៉ាងលំបាក និងចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយ អាស៊ានពុំគួរដើរតាមមាគ៌ានេះទេ។ ការណ៍នេះគឺពាក់ព័ន្ធនឹងសហគមន៍របស់យើង គ្រួសាររបស់យើង និងអនាគតរបស់យើង។”
ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសនានានៃរដ្ឋសមាជិកអាស៊ាន ដែលក្នុងអំឡុងពេលនោះ ឯកឧត្តមបានពិភាក្សាអំពីមាគ៌ា និងមធ្យោបាយនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
សូមរម្លឹកជូនថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបានជម្រាបជូនកិច្ចប្រជុំអំពីអាទិភាព និងសមិទ្ធផលគ្រោងទុក សំខាន់ៗរបស់ខ្លួនក្នុងឆ្នាំ២០២៦ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។ ប្រទេសសមាជិក អាស៊ានទាំងអស់បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបាននូវអាទិភាព យុទ្ធសាស្ត្រសំខាន់ៗចំនួនបី រួមមាន៖ គ្រឹះសន្តិភាព និងសន្តិសុខ ច្រកនៃវិបុលភាព និងការពង្រឹងអំណាច ដល់ប្រជាជន។ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការកសាងអាស៊ានមួយដែលប្រកប ដោយភាពធន់ នវានុវត្តន៍ ស្វាហាប់ និងផ្តោតលើប្រជាជន ស្របតាមគោលដៅអាស៊ាន២០៤៥៖ អនាគត រួមរបស់យើង ព្រមទាំងបានគូសបញ្ជាក់ពីតម្រូវការក្នុងការប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាសកម្មភាពជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍ជាក់លាក់សម្រាប់ប្រជាជន។
កិច្ចប្រជុំបានពិភាក្សាអំពីតម្រូវការក្នុងការពង្រឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន មានលក្ខណៈ ស៊ីសង្វាក់ មានគោលការណ៍ និងយុទ្ធសាស្ត្រ ដែលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹង ប្រែងកសាងសហគមន៍អាស៊ាន។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាថា ទំនាក់ទំនងនេះ ស្របនឹងអាទិភាពរបស់អាស៊ាន ឆ្លើយតបទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមាន និងគាំទ្រ ដល់តំបន់និយម ពហុភាគីនិយម និងមជ្ឈភាពអាស៊ាន។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ថា ការប្រាស្រ័យ ទាក់ទងជាមួយដៃគូខាងក្រៅទាំងអស់គួរតែផ្តោតលើផលប្រយោជន៍ទៅវិញទៅមក ផ្តល់អត្ថប្រយោជន៍ ជាក់លាក់ដល់តំបន់ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ កិច្ចប្រជុំបានកត់សម្គាល់បន្ថែមទៀតអំពីឯកសារវាយតម្លៃស្តីពីភាពជាដៃគូផ្លូវការរបស់អាស៊ាន ដែលរៀបចំ ដោយលេខាធិការដ្ឋានអាស៊ាន ដែលរួមមានអនុសាសន៍ដើម្បីសម្រេចអំពីអនាគតនៃការដាក់បម្រាមលើការទទួលភាពជាដៃគូសន្ទនាថ្មីៗ នៅត្រឹមឆ្នាំ២០២៦៕
ដោយ៖ គង់ សិរីរ័ត្ន





