លោកជំទាវ ពុំ ចន្ទីនី អញ្ជើញបិទបញ្ចប់សិក្ខាសាលាស្តីពី “ការកសាងគោលនយោបាយទប់ស្តាត់ការកេងប្រវញ្ច័ និងការបំពានផ្លូវភេទ និងគោលនយោបាយគាំពារកុមារ”
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- សិក្ខាសាលារយៈពេល៣ថ្ងៃ ស្តីពី «ការកសាងគោលនយោបាយទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ និងគោលនយោបាយគាំពារកុមារ» ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបចំនួន ៦២នាក់ មកពីទីស្នាក់ការកណ្តាល និងសាខាទាំង២៥រាជធានី-ខេត្ត។ ក្នុងរយៈពេល៣ថ្ងៃនេះ សិក្ខាកាមបានរួមគ្នាពិភាក្សាយ៉ាងផុសផុលលើការកំណត់បញ្ហាប្រឈមក្នុងសហគមន៍ ការចែករំលែកបទពិសោធន៍លើករណីសិក្សា និងការរៀបចំផែនការសកម្មភាពជាក់ស្តែង ដើម្បីធានាឱ្យបាននូវតម្លាភាព និងសីលធម៌ខ្ពស់បំផុតក្នុងប្រតិបត្តិការមនុស្សធម៌។ ការសិក្សារយៈពេល៣ថ្ងៃកន្លងមកនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍ថា សិក្ខាសិលានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបញ្ហាការរំលោភបំពានលើស្ត្រី និងកុមារបច្ចុប្បន្នហាក់មានសន្ទុះកើនឡើង ដែលទាមទារឱ្យមន្ត្រីប្រតិបត្តិគ្រប់រូបត្រូវមានការយល់ដឹង និងយកចិត្តទុកដាក់ខ្ពស់បំផុត។

សិក្ខាកាមទាំងអស់បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងនាំយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅផ្សព្វផ្សាយបន្តដល់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៅតាមបណ្តាសាខាទាំង ២៥ រាជធានី-ខេត្ត ព្រមទាំងកាន់ភ្ជាបនូវគោលការណ៍គ្រឹះចំនួន ៤ គឺការផ្តល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ ការគោរព និងការផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការការពារជនងាយរងគ្រោះក្នុងសហគមន៍។

លោកស្រី សេឡស្ទីន សានថាណា (Celestine Santhana) មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកការងារ PGI សហព័ន្ធអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក AP Senior PGI Officer, IFRC, APRO ក៏បានអរគុណកាកបាទក្រហមកម្ពុជាដែលអនុញ្ញាតឱ្យមានសិក្ខាសាលានេះឡើង និងមន្ត្រីទីស្នាក់ការកណ្តាល និងសាខាទាំង២៥រាជធានី-ខេត្ត បានចូលរួមយ៉ាងផុសផុលដែលធ្វើឱ្យសិក្ខាកាមបញ្ចប់ទៅប្រកបដោយផ្លែផ្កា។
លោកជំទាវអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់មន្ត្រីទាំងអស់ និង លទ្ធផលដែលទទួលបានគឺជាជំហានដ៏សំខាន់ក្នុងការកសាងបរិយាកាសសុវត្ថិភាព គ្មានការកេងប្រវ័ញ្ច និងការពារសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងកុមារ។ មន្តី្រសាខាទាំង២៥ ដែលបានទទួលចំណេះដឹង សូមយកទៅបន្តផ្សព្វផ្សាយ និងពង្រឹងវប្បធម៌សុវត្ថិភាព ការទទួលខុសត្រូវ និងការពារទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ ព្រមទាំងការគាំពារកុមារ ឱ្យក្លាយជាការអនុវត្តជាប្រចាំ និងមាននិរន្តរភាព ជាពិសេសត្រូវជារបាយណ៍ការជូនគណៈកម្មាធិការសាខា ដើម្បីបជ្រាបការងារនេះទៅគ្រប់វិស័យរបស់សាខា។ លោកជំទាវអគ្គលេខាធិការក៏បានថ្លែងអំណរគុណចំពោះលោកស្រី សេឡស្ទីន សានថាណា ដែលបានធ្វើបទបង្ហាញជូនសិក្ខាកាមដើម្បីបង្កើនចំណេះដឹង និងចូលរួមទប់ស្តាត់ការកេងប្រវញ្ច័ និងការបំពានផ្លូវភេទលើកុមារ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





