ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា និងអគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីបានសាងសង់រួចរាល់
AKP សៀមរាប ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- បន្ទាប់ពីបានសាងសង់អគារ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដានៅក្នុងមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាបរួចរាល់ សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានធ្វើការប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់ផ្តល់លទ្ធភាពដល់មន្រ្តីជំនាញរបស់មន្ទីរពេទ្យប្រើប្រាស់សម្រាប់បម្រើសេវាសង្គ្រោះ និងព្យាបាលអ្នកជំងឺបេះដូងបានដោយប្រសិទ្ធភាព និងសុវត្ថភាពសម្រាប់រយៈពេលយូរអង្វែង។

លោក រត្ន័ ច័ន្ទសុភា តំណាងឱ្យសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានថ្លែងថា ដោយក្តីមេត្តាករុណា និងទឹកចិត្តប្រកបដោយមនុស្សធម៌ ក្រុមការងារ និងថ្នាក់ដឹកនាំកំពូលនៃសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានយកចិត្តទុកដាក់ និងបានគាំទ្រដល់គម្រោងសាងសង់នេះ ដែលមានតម្លៃឥតគណនាដែលអាចជួយសង្គ្រោះអាយុជីវិតមនុស្សរាប់រយពាន់នាក់នាពេលអនាគតនេះ ដោយមជ្ឈមណ្ឌលបេះដូងនេះ ទាំងការសាងសង់អគារនិង ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ក្នុងតម្លៃជាង២លានដុល្លាអាមេរិក។

លោកសាស្ត្រាចារ្យជំនួយ ប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានលើកឡើងថា នៅគ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោកនេះ បញ្ហាជំងឺមិនឆ្លងគឺជាបន្ទុកផ្នែកសុខភាពដែលកាន់តែរីកធំឡើងជាលំដាប់ គឺដោយសារតែចំនួន និងអត្រានៃមនុស្សចាស់ក្នុងសហគមន៍មានការកើនឡើងជាលំដាប់។ ផលវិបាកដែលបង្កឡើងជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងលើមនុស្សពេញវ័យ និងមនុស្សចាស់ គឺជាមូលហេតុចំបងបំផុតនៃមរណភាពនាពេលបច្ចុប្បន្ន និងទៅអនាគត។ វាជាការពិត បញ្ហាស្លោកសាច់បេះដូងដោយកង្វះអុកស៊ីសែន និងសារធាតុចិញ្ចឹម ដែលបង្កឡើងដោយការស្ទះសរសៃឈាមបេះដូង ថ្វីត្បិតតែមានសភាពធ្ងន់ធ្ងរ វាគឺជាជំងឺដែលភាគច្រើនអាចព្យាបាលបាន និងអាចបញ្ចៀសពីសេចក្តីស្លាប់បាន ប្រសិនបើមានមូលដ្ឋានផ្តល់សេវាសុខាភិបាលដែលនៅក្បែរ មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើរោគវិនិច្ឆ័យនិងផ្តល់សេវាបានត្រឹមត្រូវនិងបានទាន់ពេលវេលា។សម្រាប់ខេត្តសៀមរាបពេលនេះ គឺមានដំណឹងល្អដែរយើងទទួលបានមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាបបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដារួចជាស្រាច់សម្រាប់ឱ្យគ្រូពេទ្យឯកទេសប្រើប្រាស់សម្រាប់បម្រើសេវាសង្គ្រោះ និងព្យាបាលអ្នកជំងឺបេះដូងបានដោយប្រសិទ្ធភាព និងសុវត្ថភាពសម្រាប់រយៈពេលយូរអង្វែង។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរ អគារមជ្ឈមណ្ឌលជំងឺបេះដូងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះនឹងក្លាយជាសមិទ្ធផលមួយថ្មីស្រឡាងបន្ថែមទៀត លើវិស័យសុខាភិបាលរបស់ខេត្ត ហើយនឹងជួយសម្រួលឱ្យការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើងកាន់តែមានផាសុកភាព និងប្រកបដោយប្រសិទ្ធភាព៕
ដោយ ឃុត សៅ





